លោក Luo Dapeng អ្នកតំណាងរបស់អង្គការសុខភាពពិភពលោក(WHO) នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ NHK ក្នុងទីក្រុងតូក្យូកាលពីថ្ងៃពុធ អំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសជប៉ុនថា មន្ត្រីអង្គការសុខភាពពិភពលោក និយាយថា លោកគិតថាមនុស្សប្រហែលពី ២០០.០០០នាក់ ទៅ ៣០០.០០០នាក់ នៅតែរស់នៅក្នុងតង់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន រយៈពេលបីខែបន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំង បានវាយប្រហារតំបន់ភាគខាងលិចប្រទេស។

អង្គការសុខភាពពិភពលោក(WHO) និយាយថា ការរញ្ជួយដីកាលពីខែតុលា បានសម្លាប់មនុស្សជាង ១.៤០០នាក់ របួសជាង ២.០០០នាក់ផ្សេងទៀត និងបំផ្លាញលំនៅឋានជាង ១០.០០០ខ្នង។ លោក Luo បាននិយាយថា អាហ្វហ្គានីស្ថានកំពុងស្ថិតនៅពាក់កណ្តាលនៃរដូវរងានៅពេលនេះ ហើយអាកាសធាតុនៅតំបន់ខ្ពង់រាបមានភាពត្រជាក់ខ្លាំង ហើយ ស្ថានភាពនៅតែ«មហន្តរាយខ្លាំង»។

លោក Luo បាននិយាយថា ឱសថ និងបរិក្ខារពេទ្យ កំពុងមានការផ្គត់ផ្គង់ខ្វះខាត ហើយលោកបានអំពាវនាវឱ្យមានជំនួយជាបន្ទាន់។
លោកក៏បានពន្យល់ថា មនុស្សជិតកន្លះលាននាក់ បានវិលត្រឡប់ពីប្រទេសប៉ាគីស្ថាន ទៅកាន់ប្រទេសអាហ្វហ្គានីស្ថានវិញ ខណៈរដ្ឋាភិបាលប៉ាគីស្ថាន បានបញ្ជាឱ្យជនអន្តោប្រវេសន៍ ដែលគ្មានលក្ខណៈស្របច្បាប់ ឱ្យចាកចេញពីប្រទេស បើមិនដូច្នេះទេប្រឈមមុខនឹងការនិរទេស។
លោកបាននិយាយថា អ្នកទាំងអស់នោះភាគច្រើន ដែលត្រឡប់មកប្រទេសអាហ្វហ្គានីស្ថានវិញ បានរស់នៅក្នុងតង់ ដោយការផ្គត់ផ្គង់ទឹក និងអាហារ មានកម្រិត។ លោកបាននិយាយបន្ថែមថា បញ្ហានេះ បានបង្កើនហានិភ័យដល់ពួកគេពីការកើតជំងឺឆ្លងតាមផ្លូវដង្ហើម។