យោធាសហរដ្ឋអាមេរិក បានបាញ់មីស៊ីលជាបន្តបន្ទាប់ផ្សេងទៀតទៅលើទីតាំងគ្រប់គ្រងដោយក្រុម ហ៊ូទី ជាលើកទីបួន ក្នុងរយៈពេលមួយសប្តាហ៍ ដែលអាមេរិកបានបានកំណត់គោលដៅដោយផ្ទាល់ទៅលើក្រុមនេះ នៅក្នុងប្រទេសយេម៉ែន។
ក្រុមមន្ត្រី បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AP ថា ការវាយប្រហារ ត្រូវបានចាប់ផ្តើមពីសមុទ្រក្រហម ដោយវាយលុកទៅលើទីតាំងរាប់សិបកន្លែង ហើយបានកើតឡើង បន្ទាប់ពីយានដ្រូន ចេញពីតំបន់គ្រប់គ្រងដោយក្រុមហ៊ូទី បានវាយប្រហារនាវារបស់សហរដ្ឋអាមេរិកនៅឈូងសមុទ្រ Aden ។ ក្រុមប្រព័ន្ធផ្សព្វផ្សាយ បានអះអាងថា យន្តហោះរបស់ចក្រភពអង់គ្លេស ក៏បានចូលរួមក្នុងការវាយប្រហារនេះដែរ។
យោធាសហរដ្ឋអាមេរិក បាននិយាយថា កងកម្លាំងរបស់ខ្លួន បានធ្វើការវាយប្រហារលើមីស៊ីលរបស់ក្រុមហ៊ូទី ចំនួន ១៤ គ្រាប់ ដែលត្រូវបានផ្ទុកដើម្បីបាញ់ចេញពីប្រទេសយេម៉ែន ហើយវាបានបង្ហាញពីការគម្រាមកំហែងដល់នាវាពាណិជ្ជកម្ម និងនាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិកនៅក្នុងតំបន់។
ចាប់តាំងពីខែវិច្ឆិកាមក ការវាយប្រហារដោយកងជីវពលហ៊ូទី គាំទ្រដោយអ៊ីរ៉ង់ ទៅលើនាវាក្នុងតំបន់ បានបង្ហាញពីពាណិជ្ជកម្មរវាងអាស៊ី និងអឺរ៉ុប មានភាពយឺតយ៉ាវ និងធ្វើឱ្យប្រទេសមហាអំណាចព្រួយបារម្ភ។ ក្រុមហ៊ូទី ដែលគ្រប់គ្រងភាគច្រើននៅប្រទេសយេម៉ែន និយាយថា ពួកគេកំពុងធ្វើសកម្មភាពក្នុងសាមគ្គីភាពជាមួយប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា។
យោងតាមអង្គការប្រតិបត្តិការពាណិជ្ជកម្មដែនសមុទ្ររបស់ចក្រភពអង់គ្លេសបានឲ្យដឹងថា ការវាយប្រហារកាលពីថ្ងៃពុធ លើការដឹកជញ្ជូនតាមសមុទ្រក្រហម បានឃើញយានដ្រូនមួយគ្រឿង ដែលបានបង្ហោះដោយក្រុមហ៊ូទី បានបុកចូលនាវាផ្ទុកទំនិញធុនធំ Genco Picardy បណ្តាលឱ្យមានអគ្គិភ័យដែលត្រូវបានពន្លត់ភ្លាមៗ ។ នាវា និងនាវិក ត្រូវបានគេនិយាយថាមានសុវត្ថិភាព និងបន្តទៅកាន់កំពង់ផែ។