
រដ្ឋមន្ត្រីនៃគណៈរដ្ឋមន្រ្តីសិង្ហបុរីមួយរូបត្រូវបានចោទប្រកាន់ពីបទពុករលួយ នៅក្នុងបណ្ដឹងដ៏កម្រមួយដែលបានធ្វើឱ្យប្រទេសមួយមាន ដែលមោទនភាពចំពោះអភិបាលកិច្ចស្អាតស្អំរបស់ខ្លួន មានការភ្ញាក់ផ្អើលជាខ្លាំង។
លោក ស៊ុប្រាម៉ាណាម អ៊ីសវ៉ារ៉ាន (Subramaniam Iswaran) បានផ្ដល់ចម្លើយពីភាពគ្មានទោសចំពោះការចោទប្រកាន់ចំនួន ២៧ករណី រួមទាំងការ «ទទួលបានអំណោយក្នុងនាមជាមន្ត្រីសាធារណៈ»។ រដ្ឋមន្រ្តីរូបនេះត្រូវបានគេស្គាល់ថាជាអ្នកមើលការខុសត្រូវលើឧស្សាហកម្មទេសចរណ៍របស់ប្រទេសសឹង្ហបុរី អំឡុងពេលដែលព្រឹត្តិការណ៍ការប្រណាំងរថយន្ត ហ្វមម្ញ៉ូឡា វ័ន ហ្គ្រែនប្រ៊ីក (Formula One Grand Prix) បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងប្រទេសរដ្ឋមួយនេះ។
លោក អ៊ីសវ៉ារ៉ាន បានលាលែងពីតំណែងកាលពីថ្ងៃព្រហស្បតិ៍ ហើយលោកបាននិយាយថា ខ្លួននឹងប្រគល់ប្រាក់បៀវត្សរ៍ និងប្រាក់ឧបត្ថម្ភរបស់លោក ចាប់តាំងពីការស៊ើបអង្កេតលើករណីនេះបានចាប់ផ្តើមនៅក្នុងខែកក្កដា ឆ្នាំ២០២៣ មក។
ឯកសារបទចោទប្រកាន់ដែលចេញផ្សាយដោយអង្គជំនុំជម្រះនៃអគ្គមេធាវីនៅថ្ងៃព្រហស្បតិ៍ (១៨ មករា) នេះបានបង្ហាញថាលោក អ៊ីសវ៉ារ៉ាន ប្រឈមមុខនឹងការចោទប្រកាន់សរុបចំនួន ២៧ករណី។ ទាំងនេះរាប់បញ្ចូលទាំងការចោទប្រកាន់ថាលោកទទួលបានអំណោយច្រើនជាង ១៦០.០០០ដុល្លារសិង្ហបុរី សម្រាប់ជើងហោះហើរ ការស្នាក់នៅសណ្ឋាគារទំនើប និងសំបុត្រព្រឹត្តិការណ៍ការប្រណាំងរថយន្ត ហ្គ្រែនប្រ៊ីក ជាថ្នូរនឹងការជំរុញផលប្រយោជន៍អាជីវកម្មរបស់សេដ្ឋីអចលនទ្រព្យម៉ាឡេស៊ី លោក អុង បេងសេង (Ong Beng Seng)។
លោក អ៊ីសវ៉ារ៉ាន ក៏ត្រូវបានគេចោទប្រកាន់ពីបទទទួលបានសំបុត្រទៅទស្សនាកម្មវិធីតន្ត្រី និងការប្រកួតបាល់ទាត់នៅព្រឹត្តិការណ៍ វេស អែន (West End) របស់អង់គ្លេសផងដែរ។ ប្រសិនបើត្រូវបានផ្តន្ទាទោសពីបទពុករលួយ លោកអាចនឹងត្រូវពិន័យជាប្រាក់រហូតដល់ ១០០.០០០ដុល្លារសិង្ហបុរី ឬប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេលប្រាំពីរឆ្នាំ៕