
លោកអ៊ីហ័រ ហ្សារុដយ៉េវ (Ihor Zarudnyev) ជំនួយការប្រធានសេវាឆ្មាំព្រំដែនក្នុងតំបន់ឈឺនីវស៊ី (Chernivtsi) បានប្រាប់ទីភ្នាក់ងារព័ត៌មាន Ukrinform កាលពីថ្ងៃទី១៧ ខែមករាថា ច្រកព្រំដែន ស៊ីរ៉េត ប៉ូរុបណេ (Siret-Porubne) និង វីកូវុ ស៊ុស ក្រាសណូអ៊ីលស្ក៍ ( Vicovu de Sus-Krasnoilsk) នៅតាមព្រំដែនអ៊ុយក្រែន-រ៉ូម៉ានី នៅតែត្រូវបានរារាំងដោយការតវ៉ារបស់កសិកររ៉ូម៉ានី ទោះបីជាមានការព្រមព្រៀងជាមួយរដ្ឋាភិបាលរ៉ូម៉ានីក៏ដោយ។
លោក ហ្សារុដយ៉េវ បាននិយាយថា ប៉ុស្តិ៍ត្រួតពិនិត្យស៊ីរ៉េត ប៉ូរុបណេ ត្រូវបានបិទបីថ្ងៃជាប់ៗគ្នា។ នៅថ្ងៃទី ១៧ ខែមករា ឆ្មាំព្រំដែនរ៉ូម៉ានី បានបើករថយន្តដឹកទំនិញចំនួន ១០គ្រឿងដំបូង ប៉ុន្តែរថយន្តដែលចេញពីអ៊ុយក្រែន មិនត្រូវបានដំណើរការទេ។
រថយន្តដឹកទំនិញជាង ១.១០០គ្រឿង បានចុះឈ្មោះក្នុងជួរអេឡិចត្រូនិច ដើម្បីឆ្លងកាត់ច្រកព្រំដែន ប៉ូរុបណេ។ លោក ហ្សារុដយ៉េវ បានរាយការណ៍ថា រថយន្តដឹកទំនិញប្រហែល ៦០គ្រឿង កំពុងរង់ចាំនៅប៉ុស្តិ៍ត្រួតពិនិត្យ វីកូវុ ស៊ុស ក្រាសណូអ៊ីលស្ក៍ ដែលនៅតែត្រូវបានបិទផងដែរនោះ។
នៅថ្ងៃទី ១៥ ខែមករា ក្រសួងកសិកម្មរូម៉ានី និងតំណាងអង្គការកសិកម្មធំៗ បានឈានដល់កិច្ចព្រមព្រៀងលើការទាមទារទាំង១៣របស់កសិករ។ រដ្ឋាភិបាល បានប្តេជ្ញាចិត្តក្នុងការឧបត្ថម្ភធនយ៉ាងពេញលេញនូវរាល់ពន្ធលើវិស័យកសិកម្មរហូតដល់ឆ្នាំ ២០២៦ និងពង្រីកប្រាក់កម្ចី ដែលមានការប្រាក់ទាបដល់ឧស្សាហកម្មនេះ។
ទោះជាយ៉ាងណាក៏ដោយ តំណាងកសិករ លោកម៉ារៀស មីគុ (Marius Micu) បានបញ្ជាក់ថា កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានេះ មិនមានន័យថា ជាការបញ្ឈប់ការតវ៉ាភ្លាមៗនោះទេ ដែលអាចបន្តរហូតដល់ថ្ងៃទី១៨ ខែមករានេះ។