
សហភាពអាហ្រ្វិក (AU) កាលពីថ្ងៃពុធ បានអំពាវនាវឲ្យប្រទេសអេត្យូពី និងសូម៉ាលី អនុវត្តការអត់ធ្មត់ និងចាត់វិធានការ ដើម្បីកាត់បន្ថយភាពតានតឹងនាពេលបច្ចុប្បន្ន ចំពេលទំនាក់ទំនងការទូតកាន់តែយ៉ាប់យ៉ឺនរវាងប្រទេសទាំងពីរ។
ការអំពាវនាវនេះ ត្រូវបានធ្វើឡើងដោយក្រុមប្រឹក្សាសន្តិភាព និងសន្តិសុខរបស់សហភាពអាហ្វ្រិក នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំរបស់ខ្លួនដែលបានធ្វើឡើងកាលពីថ្ងៃពុធ ដែលអាស្រ័យទៅលើស្ថានភាពបច្ចុប្បន្ន នៅក្នុងទំនាក់ទំនងរវាងអេត្យូពី និងសូម៉ាលី។ ក្រុមប្រឹក្សានេះ បានអំពាវនាវឲ្យប្រទេសញកអាហ្វ្រិកទាំងពីរ «ចូលរួមក្នុងកិច្ចសន្ទនាដ៏មានអត្ថន័យ ឆ្ពោះទៅរកដំណោះស្រាយដោយសន្តិវិធីដល់បញ្ហានេះ នៅក្នុងស្មារតីនៃដំណោះស្រាយរបស់អាហ្វ្រិកចំពោះបញ្ហាអាហ្វ្រិក។
សេចក្តីថ្លែងការណ៍នោះ បានលើកទឹកចិត្តប្រទេសទាំងពីរ ឲ្យជៀសវាងសកម្មភាព និងការប្រកាសបន្ថែមទៀត ដែលអាចជះឥទ្ធិពលអវិជ្ជមានដល់ចំណងដ៏រឹងមាំនៃភាពជាអ្នកជិតខាងល្អ មិត្តភាព និងសាមគ្គីភាពដែលមានស្រាប់រវាងពួកគេ។
ក្រុមប្រឹក្សានេះ បានសម្តែងនូវ «ការព្រួយបារម្ភយ៉ាងខ្លាំង» របស់ខ្លួនចំពោះភាពតានតឹង ដែលកំពុងបន្តរវាងប្រទេសទាំងពីរ និងផលប៉ះពាល់ដ៏អាក្រក់របស់វាទៅលើសន្តិភាព សន្តិសុខ និងស្ថិរភាពនៃតំបន់ដ៏ធំនេះ។
ភាពតានតឹង នៅតែបន្តកើនឡើងក្នុងទំនាក់ទំនងរវាងប្រទេសអេត្យូពី និងសូម៉ាលី បន្ទាប់ពីប្រទេសអេត្យូពី និងសូម៉ាលីឡែន ដែលជាតំបន់ស្វ័យប្រកាសនៃប្រទេសសូម៉ាលី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយកាលពីដើមខែនេះ ដោយអនុញ្ញាតឲ្យអេត្យូពីចូលទៅកាន់សមុទ្រក្រហម ជាថ្នូរនឹងការទទួលស្គាល់សូម៉ាលីឡែន ជារដ្ឋឯករាជ្យ។