
នៅក្នុងភាពប្រទាញប្រទង់កាន់តែខ្លាំងឡើងរវាងរដ្ឋបាលលោក Biden និងរដ្ឋតិចសាស់ ដែលរដ្ឋនេះ កំពុងទប់ទល់ចំពោះកាលបរិច្ឆេទកំណត់នៅត្រឹមថ្ងៃពុធ ទី១៧ ខែមករា ដើម្បីឲ្យដកចេញការបិទផ្លូវ ដែលរារាំងការចូលទៅល្បាតតាមព្រំដែនរបស់សហរដ្ឋអាមេរិក ដែលលាតសន្ធឹង ២,៥ ម៉ាយ ពីព្រំដែនអាមេរិក-ម៉ិកស៊ិក។
តំបន់ដែលមានការខ្វែងគំនិតគ្នា រួមមាននៅកន្លែងដែលស្ត្រីម្នាក់និងកុមារពីរនាក់ បានលង់ទឹកស្លាប់ បន្ទាប់ពីទីភ្នាក់ងារសហព័ន្ធ ត្រូវបានអាជ្ញាធររដ្ឋតិចាស់រារាំង។
យោងតាមសារព័ត៌មាន CNN បានឲ្យដឹងថា លិខិតមួយច្បាប់ផ្ញើទៅកាន់អគ្គមេធាវីរដ្ឋតិចសាស់ លោក Ken Paxton បានថ្កោលទោសសកម្មភាពរបស់រដ្ឋតិចសាស់ថា មិនស្របតាមរដ្ឋធម្មនុញ្ញ និងបានព្រមានពីផលវិបាកផ្លូវច្បាប់។
វិបត្តិជនអន្តោប្រវេសន៍ ដែលនៅតែបន្ត បន្ថែមទៅលើជម្លោះរវាងមន្ត្រីរដ្ឋ និងមន្ត្រីសហព័ន្ធ ដោយភាពតានតឹងបានឈានដល់ចំណុចក្តៅ ជុំវិញច្បាប់ថ្មីរបស់រដ្ឋតិចសាស់ ដែលធ្វើឲ្យក្លាយជាទោសព្រហ្មទណ្ឌសម្រាប់ការចូលមកក្នុងរដ្ឋនេះដោយខុសច្បាប់។