ស្ថានភាពអាកាសធាតុមិនអំណោយផលខ្លាំង ទាក់ទងទៅនឹងការធ្លាក់ព្រិល និងភ្លៀងធ្លាក់ត្រជាក់ខ្លាំង បានវាយប្រហារលើប្រទេសជាច្រើននៅទូទាំងទ្វីបអឺរ៉ុប កាលពីថ្ងៃពុធ បណ្តាលឱ្យមានការលុបចោលជើងហោះហើរ និងការពន្យារពេល ព្រមទាំងបង្អាក់ដល់ការធ្វើចរាចរណ៍ផ្លូវគោក។ នៅប្រទេស បែលហ្សិក ការធ្វើដំណើរពីអាកាសយានដ្ឋាន Brussels ក្នុងទីក្រុង Zaventem ត្រូវបានផ្អាកជាបណ្តោះអាសន្នកាលពីម៉ោង ៣:២០នាទីរសៀលថ្ងៃពុធ ខណៈកម្មករចាំបាច់ត្រូវសម្អាតផ្លូវរត់ដោសារព្រិល។ អាកាសធាតុនៅក្នុងទីក្រុងបែលហ្សិក ត្រូវបានកំណត់លក្ខណៈដោយរលកត្រជាក់ខ្លាំងកាលពីថ្ងៃពុធ ដោយសីតុណ្ហភាពធ្លាក់ចុះក្រោមសូន្យអង្សាសេ។ ការព្យាករណ៍ពីវិទ្យាស្ថានភូមិន្ទឧតុនិយម (Royal Meteorological Institute) រំពឹងថា សីតុណ្ហភាពនឹងធ្លាក់ចុះដល់ដក ១០ អង្សាសេ ឬទាបជាងនេះនៅចុងសប្តាហ៍នេះ។ នៅប្រទេសជិតខាង គឺប្រទេសហូឡង់ វិទ្យាស្ថានអាកាសធាតុ KNMI បានចេញលេខកូដពណ៌លឿងសម្រាប់ផ្នែកជាច្រើននៅប្រទេសនេះ ដោយសារស្ថានភាពធ្លាក់ព្រិល និងរអិល។ ព្រិលធ្លាក់ខ្លាំងនៅក្នុង Limburg ជាខេត្តមួយនៅភាគអាគ្នេយ៍របស់ប្រទេស បង្កការកកស្ទះចរាចរណ៍រយៈពេលយូរនៅលើផ្លូវហាយវេ ហើយអាជ្ញាធរក្នុងតំបន់ បានចេញការអំពាវនាវជាបន្ទាន់ដល់អ្នកបើកបរយានយន្តឱ្យបញ្ចៀសផ្លូវហាយវេ។ នៅប្រទេសលុចសំបួរ សាលារៀនទាំងអស់ត្រូវបានបិទទ្វារកាលពីថ្ងៃពុធ បន្ទាប់ពីការប្រកាសអាសន្នពណ៌ក្រហម សម្រាប់ភ្លៀងត្រជាក់និងព្រិលធ្លាក់ខ្លាំង។ រដ្ឋាភិបាលបានផ្តល់ការណែនាំ ឲ្យអ្នកស្រុកទាំងអស់គួរតែនៅស្នាក់នៅក្នុងលំនៅឋាន លុះត្រាតែវាចាំបាច់ខ្លាំង ក្នុងការចេញទៅក្រៅលំនៅឋាន។ ស្ថានភាពអាកាសធាតុមិនអំណោយផលខ្លាំង ក៏បានប៉ះពាល់ដល់ផ្នែកធំៗរបស់ប្រទេសអាល្លឺម៉ង់ផងដែរ ដែលបណ្តាលឱ្យមានការរំខានយ៉ាងខ្លាំងដល់ផ្លូវធ្វើដំណើរ ចរាចរណ៍ផ្លូវអាកាស និងផ្លូវដែក និងបានជំរុញឱ្យមានការបិទទ្វារសាលារៀន។ ការធ្លាក់ព្រិលខ្លាំង ក៏បានបំផ្លាញនៅអឺរ៉ុបខាងជើង ដែលជំរុញឱ្យមានការបិទអាកាសយានដ្ឋានធំ នៅទីក្រុង Oslo កាលពីរសៀលថ្ងៃពុធ។ វិទ្យាស្ថានឧតុនិយមប្រទេសន័រវេស បានព្រមានអំពី ការធ្លាក់ព្រិល និងខ្យល់បក់ខ្លាំង នៅក្នុងតំបន់ឆ្នេរភាគខាងកើត រួមទាំងទីក្រុងOslo ដោយនិយាយថា ស្ថានភាពអាកាសធាតុមិនអំណោយផលខ្លាំង ត្រូវបានគេរំពឹងថានឹងបន្តកើតមាន។