ភ្នំពេញ៖ កម្ពុជា-ចិន បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលកិច្ចព្រមព្រៀងនេះ ត្រូវបានគេ មើលឃើញថា កម្ពុជា នឹងទទួលបានផលប្រយោជន៍យ៉ាងច្រើន ពិសេសកម្ពុជាក៏មានឱកាសពង្រឹងអំណាចកំណត់ថ្លៃដោយខ្លួនឯងគ្រប់មុខទំនិញ។
ជាមួយគ្នានេះ ក្រៅតែពីការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កិច្ចព្រមព្រៀងសំខាន់ៗចំនួន៣ផ្សេងទៀត ក៏ត្រូវបានចុះហត្ថលេខាផងដែរ ។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលបានចុះហត្ថលេខា នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ គឺធ្វើឡើងក្រោមការអញ្ជើញចូលរួម ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និង ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន។
សម្រាប់កិច្ចព្រមព្រៀង និងឯកសារសំខាន់ៗចំនួន៣ផ្សេងទៀតរួមមាន៖ទី១- កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេសសម្រាប់ការផ្តល់ហិរញ្ញប្បទានឥតសំណង ទឹកប្រាក់ ៩៥០លានយ័ន។ទី២- លិខិតប្តូរឯកសារស្តីពីការសិក្សាសមិទ្ធលទ្ធភាពគម្រោងធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។និងទី៣-លិខិតប្តូរសារស្តីពី ការសិក្សាសមិទ្ធលទ្ធភាពគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព្រឹត្តកម្មទឹកកខ្វក់នៅខេត្តព្រះសីហនុ៕



