រតនគិរី ៖ ឯកឧត្តម ញ៉ែម សំអឿន អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តរតនគិរី បានឲ្យដឹងថា រដ្ឋបាលខេត្ត កំពុងពិភាក្សាជាមួយមន្ទីរសុខាភិបាល ក្នុងការកំណត់តំបន់បិទខ្ទប់ ខណៈដែលជំងឺកូវីដ-១៩ កំពុងផ្ទុះរលកចម្លងទ្រង់ទ្រាយធំតាមបណ្តាក្រុង-ស្រុកទាំង៩ ក្នុងភូមិសាស្ត្រខេត្តរតនគិរី ។
ការលើកឡើងដូច្នេះ ឯកឧត្តម ញ៉ែម សំអឿន គឺបានធ្វើឡើងតាមរយៈផ្តល់កិច្ចសម្ភាសន៍ដល់ទូរទស្សន៍ BTV តាមប្រព័ន្ធទូរស័ព្ទ នាព្រឹកថ្ងៃទី២៥ ខែមិថុនានេះ ។
អ្នកនាំពាក្យសាលាខេត្តរតនគិរីរូបនេះ បានអោយដឹងទៀតថា រហូតមកដល់ពេលនេះ រដ្ឋបាលខេត្ត ពុំទាន់បានកំណត់ទីតាំងណាមួយជាតំបន់ក្រហម លឿងទុំ និងលឿង នៅឡើយទេ ប៉ុន្តែរដ្ឋបាលខេត្ត ក៏កំពុងពិចារណាត្រៀម នឹងចេញសេចក្តីប្រកាសផងដែរ ខណៈតំបន់មួយចំនួនក្នុងខេត្ត ត្រូវបានធ្វើការបិទខ្ទប់ផ្នែកខ្លះជាបណ្តោះអាសន្ន ដែលមានហានិភ័យខ្ពស់នៃការឆ្លងរាតត្បាតធ្ងន់ធ្ងរជំងឺកូវីដ-១៩ ។
ឯកឧត្តម ញ៉ែម សំអឿន បានបញ្ជាក់ថា គិតត្រឹមវេលាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្ត បានរកឃើញករណីវិជ្ជមានកូវីដ-១៩ សរុបចំនួន ២៧៩ នាក់ និងមានករណីស្លាប់ម្នាក់ដោយសារជំងឺនេះ រួមទាំងព្យាបាលជាសះស្បើយចំនួន ១៨ នាក់ ៕
អត្ថបទ ៖ សម្បត្តិ