
ក្រុមមន្ត្រីរបស់លីបង់បាននិយាយថា ក្រុមហេសបូឡាហ៍ដែលគាំទ្រដោយអ៊ីរ៉ង់ បានច្រានចោលគំនិតផ្ដួចផ្ដើមដំបូងរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីរម្ងាប់សង្គ្រាមសងសឹកគ្នាទៅវិញទៅមកជាមួយប្រទេសជិតខាងអ៊ីស្រាអែល ដូចជាការដកយុទ្ធជនរបស់ខ្លួនបន្ថែមទៀតពីព្រំដែនជាដើម ប៉ុន្តែនៅតែបើកចំហចំពោះផ្នែកការទូតរបស់សហរដ្ឋអាមេរិក ដើម្បីបញ្ចៀសសង្រ្គាមដ៏មហន្តរាយ។
បេសកជនអាមេរិកលោក Amos Hochstein បាននិងកំពុងដឹកនាំសកម្មភាពការទូត ដើម្បីស្តារសន្តិសុខឡើងវិញ នៅតាមព្រំដែនអ៊ីស្រាអែល-លីបង់ ខណៈដែលតំបន់កាន់តែធំទូលំទូលាយឡើង ប្រឈមនឹងហានិភ័យ ក្នុងការឆ្ពោះទៅរកការកើនឡើងនូវជម្លោះដ៏ធំដែលត្រូវបានបញ្ឆេះឡើងដោយសង្រ្គាមនៅហ្កាហ្សា។
ការវាយប្រហារដោយក្រុមឧទ្ទាមហ៊ួទីដែលមានសម្ព័ន្ធមិត្តជាមួយអ៊ីរ៉ង់របស់ប្រទេសយេម៉ែន លើនាវាដឹកជញ្ជូន នៅសមុទ្រក្រហម ការវាយប្រហាររបស់សហរដ្ឋអាមេរិកក្នុងការឆ្លើយតប និងការប្រយុទ្ធគ្នានៅកន្លែងផ្សេងទៀត នៅតំបន់មជ្ឈិមបូព៌ា បានបន្ថែមភាពបន្ទាន់ដល់កិច្ចប្រឹងប្រែងនេះ។
មន្ត្រីជាន់ខ្ពស់លីបង់ម្នាក់ដែលដឹងពីគំនិតរបស់ក្រុមនេះ បាននិយាយថា «ក្រុមហេសបូឡាហ៍ត្រៀមខ្លួនជាស្រេចហើយ ដើម្បីចូលរួមស្តាប់» ខណៈសង្កត់ធ្ងន់ថា ក្រុមនេះបានមើលឃើញគំនិតដែលបង្ហាញដោយអ្នកចរចាជើងចាស់ លោក Hochstein ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងបេរូតកាលពីសប្តាហ៍មុនថា មិនមានភាពប្រាកដប្រជានោះទេ។
គោលជំហររបស់ក្រុមហេសបូឡាហ៍ គឺថា ខ្លួននឹងបាញ់រ៉ុក្កែតទៅលើអ៊ីស្រាអែល រហូតដល់មានបទឈប់បាញ់ពេញលេញ នៅតំបន់ហ្កាហ្សា។ ការបដិសេធរបស់ក្រុមហេសបូឡាហ៍ ចំពោះសំណើដែលបង្ហាញដោយលោក Hochstein មិនត្រូវបានគេរាយការណ៍ពីមុននេះនោះទេ។
តែយ៉ាងណាក្ដី មន្ត្រីលីបង់ និងប្រភពពីក្រុមស្វែងរកសន្តិសុខម្នាក់ បាននិយាយថា ទោះបីជាមានការបដិសេធ និងការបាញ់រ៉ុក្កែតមួយប៉្រាវៗរបស់ក្រុមហេសបូឡាហ៍ ដើម្បីគាំទ្រតំបន់ហ្កាហ្សាក៏ដោយ ក៏ការបើកចំហររបស់ក្រុមនេះចំពោះទំនាក់ទំនងការទូត បង្ហាញពីការមិនពេញចិត្ត ចំពោះសង្រ្គាមដែលកាន់តែរីករាលធំទៅៗដែរ ដោយសូម្បីតែបន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល បានទៅដល់ទីក្រុងបេរូត កាលពីថ្ងៃទី២ ខែមករា ដែលបានសម្លាប់មេដឹកនាំក្រុមហាម៉ាស៕