
បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋលោកស្រី Nikki Haley កាលពីថ្ងៃពុធ (ទី១៧ ខែមករា) បាននិយាយថា សហរដ្ឋអាមេរិកគួរតែចាប់ផ្តើមសម្លឹងមើលប្រទេសចិនថា ជា «បច្ចាមិត្ត» ហើយបានគំរាមបញ្ចប់ «ទំនាក់ទំនងពាណិជ្ជកម្មធម្មតា» ខណៈពេលដែលនលោកស្រីកំពុងនិយាយនៅក្នុងព្រឹត្តិការណ៍ធ្វើយុទ្ធនាការមួយ។
សេចក្តីថ្លែងការណ៍នេះ បានកើតឡើងនៅពេលដែលលោកស្រី Haley កំពុងព្យាយាមបញ្ចុះបញ្ចូលអ្នកបោះឆ្នោតនៅរដ្ឋ New Hampshire ជាកន្លែងដែលលោកស្រីបានព្រមានអំពីការមានវិធានការខ្លាំងៗ ក្នុងការដោះស្រាយជាមួយចិន ដោយក្នុងនោះរួមទាំងការបញ្ចប់ «ទំនាក់ទំនងពាណិជ្ជកម្មធម្មតា» ពាក់ព័ន្ធនឹងអ្វីដែលលោកស្រីកំណត់ថា ជា «ការធ្វើឃាត» លើពលរដ្ឋអាមេរិកជាមួយនឹងសារធាតុហ្វង់តានីល។
ជាមួយគ្នានេះ លោកស្រី Haley ក៏បានផ្តល់ឱសានវាទដល់សាកលវិទ្យាល័យអាមេរិកផងដែរ ពីការទទួលយកទាំង «លុយបរទេស» ឬ «លុយអាមេរិក» ហើយបានបន្ថែមថា ប្រទេសចិនតែងតែមើលឃើញសហរដ្ឋអាមេរិកជា «បច្ចាមិត្ត» ដែលលោកស្រីបាននិយាយថា ប្រទេសរបស់លោកស្រីគួរតែតបតវិញដូចគ្នា។
លោកស្រី Haley និងបេក្ខជនរួមគណបក្សសាធារណរដ្ឋលោក Ron DeSantis កំពុងប្រជែងគ្នា ដើម្បីលេចឡើងក្លាយជាជម្រើសទី១ ប្រជែងជាមួយអតីតប្រធានាធិបតីលោក Donald Trump ដែលជាអ្នកនាំមុខឆ្ងាយសម្រាប់ការតែងតាំងរបស់គណបក្សសាធារណរដ្ឋ និងដែលទទួលបានជ័យជម្នះយ៉ាងលើសលប់ នៅក្នុងការប្រជែងតំណែងប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋឆ្នាំ២០២៤ លើកដំបូង នៅរដ្ឋ Iowa កាលពីថ្ងៃចន្ទ (ទី១៥ ខែមករា)៕