
ក្រសួងយុត្តិធម៌អាជ្ញាអេក្វាឌ័រ កាលពីថ្ងៃពុធ (ទី១៧ ខែមករា) បានឲ្យដឹងថា រដ្ឋអាជ្ញាអេក្វាឌ័រលោក Cesar Suarez ត្រូវបានសម្លាប់ បន្ទាប់ពីត្រូវបានចាត់តាំងឲ្យផ្តោតលើការតាមដានសំណុំរឿងឧក្រិដ្ឋកម្មឆ្លងជាតិ នៅក្នុងខេត្ត Guayas ដែលជាតំបន់ហិង្សាបំផុតមួយរបស់ប្រទេស និងជាទីកន្លែងនៃការវាយប្រហារពេលផ្សាយរបស់ស្ថានីយទូរទស្សន៍មួយ កាលពីសប្តាហ៍មុន។
ដោយថ្កោលទោសការវាយប្រហារនេះ ក្រុមប្រឹក្សាតុលាការបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា លោក Suarez ដែលត្រូវបានដាក់ឲ្យទទួលបន្ទុកស៊ើបអង្កេតការវាយប្រហាររបស់ស្ថានីយទូរទស្សន៍ កំពុងធ្វើដំណើរទៅកាន់សវនាការនៅតុលាការ នៅពេលដែលគាត់ត្រូវបានសម្លាប់។
នគរបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការសម្លាប់នេះ មានសញ្ញាសម្គាល់នៃការធ្វើឃាត ដោយបន្ថែមថា ជនរងគ្រោះមានរបួសដោយគ្រាប់កាំភ្លើងជាច្រើនគា្រប់។ ប្រទេសអេក្វាឌ័របានជួបប្រទះនឹងការផ្ទុះឡើងនូវអំពើហិង្សា នាពេលថ្មីៗនេះ ដោយក្នុងនោះរួមទាំងការចូលរំខានការផ្សាយរបស់ពួកខ្មាន់កាំភ្លើង នៅទូរទស្សន៍ TC ក្នុងទីក្រុង Guayaquil ការចាប់បុគ្គលិកពន្ធនាគារជាង ២០០នាក់ជាចំណាប់ថ្នូរ ការផ្ទុះនៅក្នុងទីក្រុងជាច្រើន និងការចាប់ពង្រត់មន្ត្រីនគរបាល។
ជាការឆ្លើយតប លោកប្រធានាធិបតី Daniel Noboa បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នរយៈពេល ៦០ថ្ងៃ ក្នុងនោះរួមទាំងបម្រាមគោចរពេលយប់ និងកំណត់ក្រុមឧក្រិដ្ឋជនចំនួន២២ ជាអង្គការភេរវករ។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោកស្រី Diana Salazar បាននិយាយនៅក្នុងវីដេអូមួយដែលបានបង្ហោះលើបណ្តាញសង្គមថា៖ «ឧក្រិដ្ឋជន និងភេរវករ នឹងមិនអាចរារាំងការប្តេជ្ញាចិត្តរបស់យើង ចំពោះសង្គមអេក្វាឌ័របាននោះឡើយ។ យើងអំពាវនាវដល់កងកម្លាំងសណ្តាប់ធ្នាប់ឲ្យធានាសន្តិសុខដល់អ្នក ដែលកំពុងបំពេញភារកិច្ច»។
សូមបញ្ជាក់ថា លោក Suarez កំពុងស៊ើបអង្កេតការវាយប្រហារប្រឆាំងនឹងទូរទស្សន៍ TC។ នគរបាលបានចាប់ខ្លួនមនុស្ស ១៣នាក់ ក្នុងនោះរួមទាំងអនីតិជន ២នាក់ផង ដែលត្រូវបានឃុំខ្លួនពីបទសង្ស័យប្រព្រឹត្តឧក្រិដ្ឋកម្មភេរវកម្ម៕