
រូបភាពវីដេអូរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានបង្ហាញថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ត្រូវបានគេមើលឃើញថា កំពុងចេញពីអ្វីដែលមើលទៅដូចជារថយន្ត Mercedes-Benz SUV ដ៏ប្រណិត បើទោះបីជាទណ្ឌកម្មអន្តរជាតិហាមឃាត់ការនាំចូលទំនិញប្រណីតរបស់កូរ៉េខាងជើងក៏ដោយ។
ភាពវីដេអូដែលចាក់ផ្សាយដោយទូរទស្សន៍មជ្ឈិមរបស់កូរ៉េខាងជើង កាលពីថ្ងៃចន្ទ បានបង្ហាញថា លោក គីម ងើបចេញពីរថយន្ត SUV ពណ៌ខ្មៅ ដែលទ្វារខាងក្រោយខាងស្តាំមានសញ្ញាសម្គាល់លោកគីម ដែលជាប្រធានគណៈកម្មការកិច្ចការរដ្ឋ។
វាហាក់ដូចជារថយន្តឯកជនថ្មីរបស់លោក ដែលសន្មតថា ជាម៉ូដែលលំដាប់កំពូលនៃ Mercedes-Maybach GLS 600។
នៅក្នុងខែសីហា ឆ្នាំ ២០២០ លោក គីម ត្រូវបានគេឃើញនៅលើកៅអីអ្នកបើកបរនៃរថយន្ត SUV ដែលសន្មតថា ជារថយន្ត Lexus LX 570 នៅពេលដែលលោក បានចុះទៅមើលតំបន់រងគ្រោះដោយទឹកជំនន់។
លោក គីម ជុងអ៊ុន បានបង្ហាញខ្លួនជាសាធារណៈនៅក្នុងរថយន្ត Mercedes-Maybach S-class ផ្សេងៗគ្នា រួមទាំងរថយន្ត limousine ផងដែរ ដោយមិនអើពើនឹងទណ្ឌកម្មអន្តរជាតិលើកម្មវិធីនុយក្លេអ៊ែរ និង មីស៊ីលរបស់ប្រទេសកូរ៉េខាងជើងទាល់តែសោះ។