WHO៖ អង្គការសុខភាពពិភពលោកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនករណីឆ្លងជំងឺ COVID-19 នៅក្នុងទ្វីបអាហ្វ្រិកបានកើនឡើងខ្ពស់មិនធ្លាប់មាន ខណៈទ្វីបមួយនេះព្យាយាមទប់ទល់នឹងរលកទី៣ ដែលបានបង្កឲ្យមានការគំរាមធ្ងន់ធ្ងរ ចំពោះហេដ្ឋារចនាសម្ព័ន្ធសុខភាពសាធារណៈ។

លោកស្រី Matshidiso Moeti ប្រធានអង្គការសុខភាពពិភពលោក ប្រចាំតំបន់អាហ្វ្រិកបាននិយាយថា ទ្វីបនេះកំពុងព្យាយាមទប់ទល់ និងការឆ្លងហក់ឡើងខ្ពស់នៃជំងឺ COVID-19 ដែលបង្កឡើងពីការបន្ធូរបន្ថយវិធានការទប់ស្កាត់នានា អាកាសធាតុត្រជាក់ និងវត្តមានវីរុសបម្លែងខ្លួនថ្មី។ លោកស្រីបាននិយាយថា ទ្វីបនេះអាចលុបបំបាត់លទ្ធផលអាក្រក់បំផុតបាន ខណៈព្យាយាមទប់ទល់នឹងការឆ្លងជំងឺ COVID-19 នៃរលកទី៣ តាមរយៈរឹតបន្តឹងលើវិធានសុខភាពសាធារណៈ និងការបង្កើនល្បឿនយុទ្ធនាការចាក់វ៉ាក់សាំង។
ស្ថិតិបានមកពីមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាហ្វ្រិកបានបង្ហាញថា ទ្វីបនេះមានករណីឆ្លងសរុបចំនួន ៥,២៨៨,៣២៣នាក់ និងស្លាប់ចំនួន ១៣៩,២២៦នាក់គិតត្រឹមថ្ងៃព្រហស្បតិ៍។ ប្រទេសចំនួន៥ រួមមានអាហ្វ្រិកខាងត្បូង ម៉ារ៉ុក ទុយនីស៊ី អេហ្ស៊ីប និងអេត្យូពីមានចំនួន ៦២% នៃករណីឆ្លងទាំងអស់ដែលបានរាយការណ៍នៅក្នុងទ្វីបនេះ ខណៈវីរុសបម្លែងខ្លួនចំនួន ៣ប្រភេទជំរុញការឆ្លងរាលដាលកាន់តែលឿន៕
អត្ថបទ៖ សុខមាន