
ក្រុមហ៊ុនដឹកជញ្ជូន AP Moller-Maersk បានឲ្យដឹងនៅក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានដល់អតិថិជន នៅថ្ងៃព្រហស្បតិ៍ (ទី១៨ ខែមករា) នេះថា ការរំខានទាក់ទងនឹងអាកាសធាតុនៅកំពង់ផែភាគខាងជើងអឺរ៉ុប និងការប្ដូរផ្លូវធ្វើដំណើររបស់នាវាចេញពីសមុទ្រក្រហម កំពុងបង្កឲ្យមានការកកស្ទះ នៅចំណតកុងតឺន័រ។
ក្រុមហ៊ុន Maersk និងក្រុមដឹកជញ្ជូនផ្សេងទៀត បានបង្វែរផ្លូវនាវារបស់ខ្លួនចេញពីសមុទ្រក្រហម និងឈូងសមុទ្រ Aden បន្ទាប់ពីមានការវាយប្រហារដោយក្រុមហ៊ួទីរបស់យេម៉ែន ដោយបានធ្វើឲ្យនាវាទាំងនោះមានដំណើរផ្លូវវែងឆ្ងាយ ជុំវិញទ្វីបអាហ្រ្វិក ជាជាងឆ្លងកាត់ផ្លូវកាត់ព្រែកជីកស៊ុយអេ (Suez Canal)។
ក្រុមហ៊ុនបានឲ្យដឹងថា នៅភាគខាងជើងអឺរ៉ុប ព្យុះរដូវរងា និងឥទ្ធិពលនៃរដូវកាលវិស្សមកាលថ្មីៗនេះ បាននាំឲ្យមានការបិទចំណត និងការបញ្ឈប់ការធ្វើនាវាចរណ៍។ ក្រុមហ៊ុន Maersk បានប្រាប់ថា៖ «លក្ខខណ្ឌអាកាសធាតុរដូវរងា ក៏ដូចជាកត្តាប្រឈមនៃសមុទ្រក្រហម ត្រូវបានគេរំពឹងថា នឹងប៉ះពាល់ដល់ប្រតិបត្តិការនៅទូទាំងអឺរ៉ុប និងទីកន្លែងដែលជាស្ថានីយចំណត។
នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Maersk លោក Vincent Clerc កាលពីថ្ងៃពុធ (ទី១៧ ខែមករា) បាននិយាយថា ការរំខានដល់ការដឹកជញ្ជូនសកលដែលបណ្តាលមកពីការវាយប្រហារលើនាវា នៅសមុទ្រក្រហម ប្រហែលជានឹងមានរយៈពេលយ៉ាងហោចណាស់ ២-៣ខែដែរ។
ជាមួយគ្នានេះ ក្រុមហ៊ុន Maersk បាននិយាយថា ខ្លួនក៏ផ្តល់ជូនឲ្យអតិថិជននូវជម្រើសក្នុងការផ្លាស់ប្តូរទំនិញមួយចំនួនពីនាវាទៅដឹកជញ្ជូនតាមផ្លូវអាកាស នៅកំពង់ផែក្នុងប្រទេសអូម៉ង់ និងអារ៉ាប់រួម ដើម្បីនាំយកទំនិញទៅកាន់គោលដៅចុងក្រោយនៅអឺរ៉ុប ឬសហរដ្ឋអាមេរិក៕