ភ្នំពេញ ៖ ក្រុមហ៊ុនដឹកជញ្ជូនឡូជីស្ទីក លំដាប់ពិភពលោករបស់បារាំង បានបង្ហាញបំណងពង្រីកការវិនិយោគរបស់ ខ្លួនបន្ថែមទៀតនៅកម្ពុជា ខណៈក្រុមហ៊ុនដ៏ធំមួយនេះ មានការិយាល័យច្រើនជាង៤០០ ហើយបាននិងកំពុងធ្វើប្រតិបត្តិការក្នុងប្រទេសជាង១៦០ នៅទូទាំងពិភពលោក។
នៅក្នុងកិច្ចជំនួបជាមួយឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល តំណាងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋបារាំង នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ លោក Rodolphe SaaDé ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន CMA CGM GROUP បានលើកឡើងថា ក្រុមហ៊ុន CMA CGM GROUP ជាក្រុមហ៊ុនឡូជីស្ទីកដែលមានការិយាល័យច្រើនជាង៤០០ និងកំពុងធ្វើប្រតិបត្តិការក្នុងប្រទេស ជាង ១៦០ នៅទូទាំងពិភពលោក ហើយក្រុមហ៊ុនក៏មានកប៉ាល់ សម្រាប់ដឹកជញ្ជូនប្រមាណ ៦២៣គ្រឿង និងយន្តហោះដឹកទំនិញចំនួន៦គ្រឿងផងដែរ។
លោកបានបន្តទៀតថា សេវាកម្មសំខាន់ៗរបស់ក្រុមហ៊ុន រួមមាន៖ សេវាដឹកជញ្ជូនទំនិញទូទាំងពិភពលោក, សេវាឡូជីស្ទីក(end-to-end logistics), សេវាតាមដានអំពីដំណើរការដឹកជញ្ជូន និងការរៀបចំទុកដាក់ទំនិញ, និងជំនាញពាក់ព័ន្ធនឹងកុងតឺន័រសម្រាប់ដឹកទំនិញគ្រប់ប្រភេទ។ ជាមួយគ្នានេះ លោកប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន ក៏បានជម្រាបជូន អំពីគម្រោងនៃការពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀត នៅក្នុងប្រទេសកម្ពុជា ។
ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុលបានសម្តែងនូវក្តីរីករាយ និងស្វាគមន៍ចំពោះបំណងរបស់ក្រុមហ៊ុនក្នុងការពង្រីកការវិនិយោគបន្ថែម នៅកម្ពុជា ព្រមទាំងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដោយបានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលនៅក្នុងការធានានូវបរិយាកាសវិនិយោគអំណោយផល និងការជួយសម្របសម្រួលដល់វិនិយោគិនទាំងអស់ឱ្យទទួលបានភាពកក់ក្តៅ និងទំនុកចិត្តខ្ពស់៕ អត្ថបទ ៖ បាន ចក់






