ភ្នំពេញ ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ប្រកាសស្វាគមន៍ចំពោះវត្តមានសាលា Ecole 42របស់បារាំងនៅកម្ពុជា ខណៈសាលាដ៏ល្បីល្បាញរបស់បារាំងនេះ ជាស្ថាប័នអប់រំមានភាពច្នៃប្រឌិត ផ្នែកបច្ចេកវិទ្យា ដែលផ្តល់នូវការសិក្សាដោយឥតគិតថ្លៃ ជាមួយគោលបំណងផ្តល់ឱ្យសិស្សានុសិស្សនូវជំនាញ និងចំណេះដឹងសម្រាប់អាជីពផ្នែកបច្ចេកវិទ្យា និងការអភិវឌ្ឍកម្មវិធីកុំព្យូទ័រជាដើម។
នៅក្នុងកិច្ចជំនួបជាមួយ លោកស្រីSophie Vigerនាយិកាសាលា Ecole 42 ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងថា ឯកឧត្តម«សូមសម្តែងនូវក្តីរីករាយ និងស្វាគមន៍ចំពោះវត្តមានរបស់សាលា Ecole 42 នៅកម្ពុជា ព្រមទាំងបានលើកទឹកចិត្តឱ្យសាលា ខិតខំជំរុញ និងលើកកម្ពស់បន្ថែមទៀតនូវដំណើរការនៃការអប់រំ និងបណ្តុះបណ្តាលរបស់ខ្លួន សំដៅចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជានៅក្នុងការអភិវឌ្ឍធនធានមនុស្សឱ្យស្របតាមដំណើរវិវឌ្ឍជឿនលឿននៃបច្ចេកវិទ្យាក្នុងសម័យកាលបច្ចុប្បន្ន និងតាមតម្រូវការជាក់ស្តែងរបស់ទីផ្សារ នៅកម្ពុជា»។
ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ លោកស្រីនាយិកា Sophie Viger បានជម្រាបជូនអំពីសកម្មភាពបណ្តុះបណ្តាលរបស់សាលា Ecole 42 ដែលជាស្ថាប័នអប់រំមានភាពច្នៃប្រឌិត ផ្នែកបច្ចេកវិទ្យា ដែលផ្តល់នូវការសិក្សាដោយឥតគិតថ្លៃជាមួយគោលបំណងផ្តល់ឱ្យសិស្សានុសិស្សនូវជំនាញនិងចំណេះដឹងសម្រាប់អាជីពផ្នែកបច្ចេកវិទ្យា និងការអភិវឌ្ឍកម្មវិធីកុំព្យូទ័រ។ គម្រូនៃកម្មវិធីអប់រំរបស់សាលា Ecole 42 គឺផ្តោតលើការរៀនសូត្របន្ត និងជាមួយមិត្តភក្តិ ដែលជាសិស្សានុសិស្សដូចគ្នា ដោយមានកិច្ចសហការ និង ការជួយគ្នាទៅវិញទៅមកនៅក្នុងការសិក្សារៀនសូត្រ ។ ដោយឡែក នៅកម្ពុជា សាលា Ecole 42 បាន និងកំពុងសហការជាមួយដៃគូក្នុងស្រុក ក្នុងការរៀបចំដំណើរការនៃកម្មវិធីបណ្តុះបណ្តាលរបស់ខ្លួន៕ អត្ថបទ ៖ បាន ចក់






