ភ្នំពេញ ៖ មន្ត្រីជំនាញពាក់ព័ន្ធមកពីអន្តរក្រសួង និងរដ្ឋបាលរាជធានីបានជួបប្រជុំគ្នា ដើម្បីដោះស្រាយផលប៉ះពាល់គម្រោងផែនការវិនិយោគប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកកុំឱ្យភ្នំពេញបន្តជន់លិចនៅរដូវវស្សា។
គណៈកម្មការអន្តរក្រសួង និងរដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំការងារដោះស្រាយផលប៉ះពាល់គម្រោងផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចនៅភូមិសាស្រ្តរាជធានីភ្នំពេញ ដែលកិច្ចប្រជុំនេះបានធ្វើឡើងនៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្ដម ស្តើង សុខុម រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការអន្តរក្រសួង។
ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថា កិច្ចប្រជុំនេះមានគោលដៅដោះស្រាយផលប៉ះពាល់ឱ្យបានល្អ កាត់បន្ថយឱ្យបាននូវការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ព្រោះរាជធានីភ្នំពេញកើតឡើងក្នុងតំបន់ទំនាប លិចទឹក ដោយទឹកហូរពីតំបន់ភ្នំ ពិសេសមកពីខេត្តកំពង់ស្ពឺ ហូរចូលមកភ្នំពេញ ដូច្នេះហើយនៅរដូវវស្សារាជធានីភ្នំពេញ តែងប្រឈមនិងបញ្ហាលិចលង់ បើទោះបីអាជ្ញាធរប្រឹងប្រែងក្នុងការដោះស្រាយយ៉ាងណាក្តី។ ដោយមើលឃើញពីបញ្ហាប្រឈមនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានផ្តល់ឥទាន ដើម្បីដោះស្រាយបញ្ចប់បញ្ហាទឹកជន់លិចនៅរាជធានីភ្នំពេញនេះ។
ឯកឧត្តម ឃួង ស្រេង បន្ថែមថា គម្រោងនេះមានផលប៉ះពាល់ខ្លាំង ដែលទៀមទាឱ្យមានការយកចិត្តទុកដាក់ក្នុងការដោះស្រាយ ពិសេសការផ្សព្វផ្សាយ និងពន្យល់ប្រជាពលរដ្ឋឱ្យបានយល់ពីសារៈសំខាន់នៃគម្រោងនេះ។ សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ ប្តេជ្ញាចិត្តថា នឹងខិតខំដោះស្រាយឱ្យបានល្អបំផុតជាមួយប្រជាពលរដ្ឋ។
ឯកឧត្តម ស្តើង សុខុម មានប្រសាសន៍ថា ឯកឧត្តមបន្តគាំទ្រសកម្មភាពរបស់អាជ្ញាធររាជធានីភ្នំពេញក្នុងការអភិវឌ្ឍរាជធានីបន្តទៀត។ ជាធម្មតាមានការអភិវឌ្ឍ គឺមានបញ្ហាប្រឈមហើយ រួមនឹងបញ្ហាកកស្ទះចរាចរណ៍ផងដែរ។ ការអភិវឌ្ឍបូករួមជាមួយការបម្រែលបម្រួលអាកាសធាតុ វាពិតជានាំមកនូវភាពលិចលង់ សូម្បីប្រទេសជឿនលឿនមួយចំនួនដូចជា នៅប្រទេសជប៉ុន និងអាមេរិកជាដើមក៏ទទួលរងការលិចលង់ដែរ ជៀសមិនផុតទេ។ ដោយមើលឃើញពីបញ្ហានេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញជាគម្រោងធំមួយដើម្បីដោះស្រាយ សំដៅធ្វើយ៉ាងណាកុំឱ្យលិចលង់រាជធានីភ្នំពេញទៀត ដែលគម្រោងនេះពាក់ព័ន្ធនឹងរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តតាកែវ ហើយម្ចាស់គម្រោង មានក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងធនធានទឹកនិងឧតុនិយម និងរដ្ឋបាលរាជធានីភ្នំពេញ។
ឯកឧត្តម អ៊ឹម សិទ្ធីរ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ បានលើកឡើងថា គោលបំណងរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវគោលបំណងប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់ សំដៅបញ្ចប់បញ្ហាទឹកជន់លិចរាជធានីភ្នំពេញក្នុងរយៈពេល ៥ឆ្នាំយ៉ាងយូរ នៅរដូវភ្លៀងធម្មតា ដោយត្រូវអនុលោមតាមផែនការមេច្បាស់លាស់នៃការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ។ ដើម្បីសម្រេចបាននូវគោលបំណងនេះ រាជរដ្ឋាភិបាលមានភាពចាំបាច់ក្នុងការរៀបចំ និងអនុវត្តផែនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក ដោយឈរលើមូលដ្ឋានសំខាន់ៗចំនួន ៣ ទី១. ការបញ្ចៀស និងការគ្រប់គ្រងហានិភ័យនៃការជន់លិច។ ២. ផែនការមេត្រូវមានភាពច្បាស់លាស់ គ្រប់ជ្រុងជ្រោយ ប្រទាក់ក្រឡា និងមានលំដាប់អាទិភាពច្បាស់លាស់ ព្រមទាំងមានភាពបំពេញឱ្យគ្នាទៅវិញទៅមកពីគ្រប់ប្រភពហិរញ្ញប្បទាន និងទី៣. ការធានានិរន្តរភាពប្រតិបត្តិការបន្ទាប់ពីការវិនិយោគ។ ចំពោះផលប៉ះពាល់នៃគម្រោងនេះ អន្តរក្រសួងនឹងអនុវត្តទៅតាមគោលការច្បាប់នៃផលប៉ះពាល់ ដោយកិច្ចសហការជាមួយអាជ្ញាធររាជធានីភ្នំពេញ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីឈានទៅសម្រេចឱ្យបានជោគជ័យនៃគម្រោងនេះ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា






