
ប្រទេសរុស្ស៊ី បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា វាមិនអាចទៅរួចទេក្នុងការពិភាក្សាអំពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក ដោយមិនគិតពីស្ថានភាពនៅអ៊ុយក្រែន ដោយចោទប្រកាន់ក្រុងវ៉ាស៊ីនតោនថា កំពុងស្វែងរកការត្រួតត្រាផ្នែកយោធា។
រដ្ឋមន្ត្រីការបរទេសលោក សឺហ្គេ ឡាវរ៉ូវ ( Sergei Lavrov) បានប្រាប់សន្និសីទសារព័ត៌មានថា ទីក្រុងវ៉ាស៊ីនតោន បានស្នើឲ្យបំបែកបញ្ហាទាំងពីរ និងបន្តការចរចា «ស្ថិរភាពជាយុទ្ធសាស្រ្ត» រវាងប្រទេសទាំងពីរ ដែលកាន់កាប់អាវុធនុយក្លេអ៊ែរដ៏ធំបំផុតរបស់ពិភពលោក។
ប៉ុន្តែលោកឡាវរ៉ូវ បាននិយាយថា សំណើនេះ មិនអាចទទួលយកបានសម្រាប់រុស្ស៊ីទេ ដោយសារតែលោកខាងលិច បានគាំទ្រអ៊ុយក្រែននៅក្នុងសង្រ្គាមឥឡូវនេះ ជិតដល់ចុងបញ្ចប់នៃឆ្នាំទីពីររបស់ខ្លួនហើយនោះ។
អវត្ដមាននៃកិច្ចសន្ទនាមានសារៈសំខាន់ ដោយសារកិច្ចព្រមព្រៀង New START ដែលកំណត់ក្បាលគ្រាប់នុយក្លេអ៊ែរជាយុទ្ធសាស្ត្ររបស់ភាគីទាំងពីរ នឹងត្រូវផុតកំណត់ នៅខែកុម្ភៈ ឆ្នាំ ២០២៦។ ភាពយឺតយ៉ាវរបស់វានឹងធ្វើឲ្យប្រទេសទាំងពីរលែងមានកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរ នៅសេសសល់ នៅពេលដែលភាពតានតឹងរវាងពួកគេ កំពុងស្ថិតនៅចំណុចខ្ពស់បំផុត ចាប់តាំងពីវិបត្តិមីស៊ីលគុយបាឆ្នាំ ១៩៦២។
លោកឡាវរ៉ូវ បាននិយាយថា៖«យើងមិនឃើញមានការចាប់អារម្មណ៍តិចតួចបំផុតលើផ្នែករបស់សហរដ្ឋ អាមេរិក ឬណាតូ ដើម្បីដោះស្រាយជម្លោះអ៊ុយក្រែន និងស្តាប់ការព្រួយបារម្ភរបស់ប្រទេសរុស្ស៊ី»។