
លោក Alexander Stubb ដែលជាអ្នកនាំគេក្នុងការប្រជែងតំណែងប្រធានាធិបតីមកពីគណបក្សកណ្តាល-ស្តាំនិយមហ្វាំងឡង់ បានបន្តការនាំមុខតិចតួចរបស់លោក ទល់នឹងសមាជិកគណបក្សសេរីនិយម Green Party គឺលោក Pekka Haavisto នៅក្នុងការស្ទង់មតិថ្មីមួយដែលបានចេញផ្សាយ នាថ្ងៃព្រហស្បតិ៍ (ទី១៨ ខែមករា) នេះ ពោលគឺនៅមុនការបោះឆ្នោតថ្ងៃទី២៨ ខែមករា។
អ្នកឈ្នះនឹងបន្តតួនាទីពីលោក Sauli Niinisto ដែលកំពុងចុះចេញពីតំណែង បន្ទាប់ពីចប់អាណត្តិរយៈពេល ៦ឆ្នាំ នៅក្នុងយុគសម័យថ្មីមួយដែលត្រូវបានសម្គាល់ដោយប្រទេសបានចូលរួមជាមួយអង្គការណាតូ (NATO) កាលពីខែមេសាឆ្នាំមុន ដែលការសុំចូលជាសមាជិកនោះត្រូវបានជំរុញដោយការលុកលុយរបស់ប្រទេសជិតខាងរុស្ស៊ីលើអ៊ុយក្រែន ក្នុងឆ្នាំ២០២២។
ការស្ទង់មតិចន្លោះថ្ងៃទី ១២-១៧ ខែមករា ដែលធ្វើឡើងដោយសារព័ត៌មាន Maaseudun Tulevaisuus បានបង្ហាញ ២៤ភាគរយនៃអ្នកឆ្លើយតបគាំទ្រ លោក Stubb ដែលជាអតីតនាយករដ្ឋមន្ត្រី និងជាសមាជិកនៃគណបក្សសម្ព័ន្ធជាតិ (National Coalition) ដែលកំពុងកាន់អំណាច ខណៈដែល ២១ភាគរយ គាំទ្រលោក Haavisto ដែលរហូតមកដល់ឆ្នាំមុន គឺជារដ្ឋមន្ត្រីការបរទេស។
ការគាំទ្រចំពោះលោក Stubb បានកើនឡើង ១ភាគរយពីការស្ទង់មតិស្រដៀងគ្នានេះ កាលពីមួយខែមុន ខណៈដែលការគាំទ្រចំពោះលោក Haavisto បានធ្លាក់ចុះ ២ភាគរយក្នុងរយៈពេលដូចគ្នា ក្នុងពេលដែលក្នុងខែវិច្ឆិកា លោក Haavisto បាននាំមុខលោក Stubb ច្រើនជាង ៧ភាគរយ។ ដោយឡែកការគាំទ្រចំពោះបេក្ខជនរបស់គណបក្សស្តាំនិយម Finns Party គឺលោក Jussi Halla-aho បានកើនឡើង ៣ភាគរយ ពោលគឺឡើងដល់ ១៥ភាគរយ ដោយធ្វើឲ្យរូបលោកនៅលំដាប់ទី៣ នៅក្នុងការស្ទង់មតិនេះ។
ប្រសិនបើគ្មានបេក្ខជនណាឈ្នះលើសពី ៥០ភាគរយក្នុងការបោះឆ្នោត នៅថ្ងៃទី២៨ ខែមករាទេនោះ ការប្រកួតប្រជែងជុំទី២ នឹងធ្វើឡើងនៅថ្ងៃទី១១ ខែកុម្ភៈ៕