
នៅឯកិច្ចប្រជុំ នាទីក្រុងសេអ៊ូល នៅថ្ងៃព្រហស្បតិ៍ (ទី១៨ ខែមករា) នេះ បេសកជននុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន បានថ្កោលទោសកូរ៉េខាងជើង ចំពោះការសាកល្បងមីស៊ីលនាពេលថ្មីៗនេះ ការធ្វើពាណិជ្ជកម្មអាវុធជាមួយរុស្ស៊ី និងការបង្កើនវោហាសាស្ត្របង្កអរិភាពខ្លាំងឡើងៗ។
លោកស្រី Jung Pak មន្ត្រីជាន់ខ្ពស់អាមេរិកទទួលបន្ទុកកិច្ចការកូរ៉េខាងជើង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍បើកថា ការបញ្ជូនមីស៊ីលបាលីស្ទិករយៈចម្ងាយខ្លីរបស់ក្រុងព្យុងយ៉ាងទៅឲ្យរុស្ស៊ី ដើម្បីប្រើប្រាស់ប្រឆាំងនឹងប្រទេសអ៊ុយក្រែន និងការរំលោភសិទ្ធិមនុស្សប្រឆាំងនឹងប្រជាជនកូរ៉េខាងជើងទាមទារឲ្យមានការយកចិត្តទុកដាក់ និងការចាត់វិធានការសមស្រប។
ប្រទេសទាំង៣ បានបង្កើនកិច្ចប្រឹងប្រែងរួមគ្នា ដើម្បីរារាំងកូរ៉េខាងជើង ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ក្នុងនោះរួមទាំងកិច្ចប្រជុំត្រីភាគី និងការបាញ់បង្ហោះប្រព័ន្ធចែករំលែកទិន្នន័យព្រមានមីស៊ីល កាលពីខែធ្នូផងដែរ។ កិច្ចប្រជុំនេះកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានអំពាវនាវឲ្យមានការកែប្រែរដ្ឋធម្មនុញ្ញរបស់ប្រទេសខ្លួន ដើម្បីធានាថា កូរ៉េខាងត្បូងត្រូវបានមើលឃើញថា ជា «សត្រូវដ៏ធំចម្បង» ដោយនិយាយថា ទីក្រុងព្យុងយ៉ាងមិនមានបំណងចង់បញ្ចៀសសង្រ្គាម ប្រសិនបើវាកើតឡើង។
កាលពីថ្ងៃពុធ (ទី១៧ ខែមករា) កូរ៉េខាងត្បូងបានប្រកាសដាក់ទណ្ឌកម្មលើបុគ្គល ២រូប អង្គភាពចំនួន៣ និងនាវាចំនួន ១១គ្រឿងដែលភ្ជាប់ទំនាក់ទំនងទៅនឹងកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ពោលគឺប៉ុន្មានថ្ងៃបន្ទាប់ពីកូរ៉េខាងជើងបានបាញ់មីស៊ីលលឿនជាងសំឡេងដើរដោយឥន្ធនៈរឹងរយៈចម្ងាយមធ្យមថ្មី៕