
ក្រសួងកាបរទេសចិន បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនមានបំណងបំពេញមុខនាទីស្ថាបនានៅក្នុងការបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសអ៊ីរ៉ង់និងប៉ាគីស្ថាន។
ក្រសួងកាបរទេសប៉ាគីស្ថាន បាននិយាយនៅមុននេះថា ខ្លួនបានធ្វើការវាយប្រហារចូលទៅក្នុងប្រទេសអ៊ីរ៉ង់នៅថ្ងៃព្រហស្បតិ៍នេះ ដោយដាក់គោលដៅលើសកម្មប្រយុទ្ធផ្ដាច់ខ្លួនបាឡូច (Baloch) ពីរថ្ងៃបន្ទាប់ពីក្រុងតេអេរ៉ង់ បាននិយាយថា ខ្លួនបានវាយប្រហារមូលដ្ឋានជាច្រើនរបស់ក្រុមមួយនេះនៅក្នុងទឹកដី ប្រទេសប៉ាគីស្ថាន។
ការវាយប្រហាររបស់អ៊ីរ៉ង់ និងការវាយប្រហារសងសឹករបស់ប៉ាគីស្ថាន បានធ្វើអោយមានការព្រួយបារម្ភកាន់តែខ្លាំងឡើងៗពីអស្ថិរភាពនៅទូទាំងមជ្ឈឹមបូព៌ា ចាប់តាំងពីសង្រ្គាមបានផ្ទុះឡើងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស កាលពីថ្ងៃទី៧តុលាមក ដែលក្នុងនោះ ក្រុមសម្ព័នមិត្ដអ៊ីរ៉ង់ក៏បានចូលទៅបង្កការរំខានចាប់ពីប្រទេសលីបង់ ស៊ីរី អ៊ីរ៉ាក់ និងប្រទេសយ៉េម៉ែនផងដែរ៕