
ក្រុមហ៊ុនទូរគមនាគមន៍របស់ប្រទេសហូឡង់ នៅថ្ងៃព្រហស្បតិ៍ (ទី១៨ ខែមករា) នេះ បានប៉ាន់ប្រមាណថា ក្រុមហ៊ុន Veon ដែលជាក្រុមហ៊ុនមេរបស់ប្រតិបត្តិករទូរស័ព្ទចល័តដ៏ធំបំផុតរបស់អ៊ុយក្រែន គឺក្រុមហ៊ុន Kyivstar នឹងរងការខាតបង់ប្រហែល ៣,៦ពាន់លានហ្រីវនៀ (៩៥លានដុល្លារ) ក្នុងឆ្នាំ២០២៤ ដោយសារការវាយប្រហារតាមអ៊ីនធឺណិតដ៏ធំ កាលពីខែធ្នូ។
ក្រុមហ៊ុន Veon បាននិយាយថា ការខាតបង់ប្រាក់ចំណូលដែលត្រូវបានប៉ាន់ប្រមាណ ត្រូវបានផ្សារភ្ជាប់ទៅនឹងវិធានការដែលក្រុម Kyivstar បានអនុវត្តដើម្បីទូទាត់សំណងដល់អតិថិជន សម្រាប់ការរអាក់រអួលដែលបណ្តាលមកពីការរំខាន។
ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតនេះ គឺជាការវាយប្រហារដ៏ធំបំផុត ចាប់តាំងពីប្រទេសរុស្ស៊ី បានចាប់ផ្តើមសង្រ្គាមរបស់ខ្លួនលើអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ ដោយបានបំផ្លាញសេវាកម្មនានា ដែលក្នុងនោះរួមទាំងទូរស័ព្ទចល័តផងដែរ បំផ្លាញហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យានៅក្នុងតំបន់ជាច្រើន និងធ្វើឲ្យមនុស្សប្រឈមនឹងហានិភ័យនៃការមិនទទួលបានការជូនដំណឹងអំពីការវាយប្រហារតាមអាកាស។
ក្រុមហ៊ុន Veon បាននិយាយថា ខ្លួនមិនរំពឹងថា នឹងមានផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុសំខាន់ សម្រាប់លទ្ធផលហិរញ្ញវត្ថុរួមរបស់ខ្លួន សម្រាប់ឆ្នាំ ដែលបានបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ នោះទេ ហើយផ្ទុយទៅវិញ នឹងជំរុញឲ្យមានការខាតបង់នៅឆ្នាំបច្ចុប្បន្ន៕