
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយ នៅថ្ងៃព្រហស្បតិ៍ (ទី១៨ ខែមករា) នេះថា ប្រទេសលោកខាងលិច ដែលដឹកនាំដោយសហរដ្ឋអាមេរិក ស្វែងរកការរក្សាការត្រួតត្រាលើសកលលោក និងឧត្តមភាពយោធារបស់ខ្លួន ហើយមិនចង់ដោះស្រាយវិបត្តិអ៊ុយក្រែននោះទេ។
លោកបាននិយាយថា មិនមានហេតុផលដើម្បីពិភាក្សាអំពីការគ្រប់គ្រងអាវុធនោះទេ ខណៈដែលលោកខាងលិចកំពុងធ្វើអ្វីដែលលោកបានពិពណ៌នាថា ជា «សង្រ្គាមកូនកាត់» ប្រឆាំងនឹងទីក្រុងម៉ូស្គូ។
លោក Lavrov បានលើកឡើងថា៖ «យើងមិនបានច្រានចោលគំនិតនេះ សម្រាប់ពេលអនាគតនោះទេ ប៉ុន្តែយើងកំណត់លក្ខខណ្ឌជាមុននូវលទ្ធភាពនេះ ជុំវិញការបោះបង់ចោលរបស់លោកខាងលិចនៃគោលនយោបាយបំផ្លាញ និងមិនគោរពផលប្រយោជន៍របស់រុស្ស៊ី»៕