
ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំប្រទេសទួរគី នៅថ្ងៃព្រហស្បតិ៍ (ទី១៨ ខែមករា) នេះ បាននិយាយថា «ការចរចាមួយចំនួន» កំពុងដំណើរការទាក់ទងនឹងគំនិតផ្តួចផ្តើមនាំចេញគ្រាប់ធញ្ញជាតិដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិ (UN) ដែលត្រូវបានបិទបញ្ចប់នៅរដូវក្តៅឆ្នាំ២០២៣។
កិច្ចព្រមព្រៀងសមុទ្រខ្មៅមួយ ត្រូវបានសម្របសម្រួលដោយ UN និងប្រទេសទួរគី កាលពីខែកក្កដា ឆ្នាំ២០២២ ដើម្បីប្រយុទ្ធប្រឆាំងនឹងវិបត្តិស្បៀងអាហារពិភពលោក ដែលកាន់តែអាក្រក់ឡើងៗដោយសារការលុកលុយ ក្នុងខែកុម្ភៈ ឆ្នាំ២០២២ របស់រុស្ស៊ីលើអ៊ុយក្រែន។ ប្រទេសទាំង២ ស្ថិតក្នុងចំណោមប្រទេសនាំចេញគ្រាប់ធញ្ញជាតិធំជាងគេបំផុតរបស់ពិភពលោក។
នៅខែកក្កដា ឆ្នាំ២០២៣ រុស្ស៊ីបានបញ្ឈប់ការចូលរួមរបស់ខ្លួន នៅក្នុងកិច្ចព្រមព្រៀងនេះ ដោយបញ្ជាក់ថាលក្ខខណ្ឌនៃការចូលរួមរបស់ខ្លួន នៅក្នុងកិច្ចព្រមព្រៀង មិនត្រូវបានបំពេញ។
លោក Vasyl Bodnar បានប្រាប់សន្និសីទសារព័ត៌មានតាមរយៈអនឡាញថា៖ «ជារឿងគួរឲ្យសោកស្ដាយ គំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិនេះមិនដំណើរការទេនៅពេលនេះ ទោះបីជាការចរចាមួយចំនួនកំពុងបន្ត ដើម្បីស្វែងរកនូវបៀប ដែលអាចឲ្យមានជំនួយពីដៃគូអន្តរជាតិដល់អ៊ុយក្រែនក៏ដោយ»។ តែយ៉ាងណាក្ដី លោកមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ៕