ភ្នំពេញ ÷ ប្រធានាធិបតីបារាំង ឯកឧត្តម ម៉ាណូអែល ម៉ាក្រុង បានថ្លែងថា ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា លើទឹកដីបារាំងនាពេលនេះ គឺជាឱកាសមួយដើម្បីបង្កើតគម្រោងថ្មីៗទៀតជាមួយក្រុមហ៊ុនបារាំង ខណៈដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្តនេះគឺសម្តេចបានជួបពិភាក្សា និងផ្លាស់ប្តូរការងារជាច្រើន ជាមួយក្រុមហ៊ុនបារាំង ដូចជាក្រុមហ៊ុន អភិវឌ្ឍន៍លើវិស័យថាមពល, វិស័យដឹកជញ្ជូន, និងផ្នែកហេដ្ឋារចនាសម្ព័ន្ធជាដើម។
នៅក្នុងសន្និសីទកាសែតរួមគ្នាជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ នៅប្រទេសបារាំង ឯកឧត្តម ម៉ាណូអែល ម៉ាក្រុង បានលើកឡើងថា ប្រទេសបារាំងបានជួយ ជ្រោមជ្រែងកម្ពុជាឲ្យមានការអភិវឌ្ឍដោយទទួលបានលទ្ធផលដ៏អស្ចារ្យគួរជាទីមោទនភាព។ដូច្នេះទស្សនកិច្ចរបស់សម្តេចធិបតីនៅប្រទេសបារំាងនាពេលនេះ គឺជាឱកាសមួយសម្រាប់គម្រោងថ្មីៗទៀត ជាមួយក្រុមហ៊ុនរបស់បារាំង។
ឯកឧត្តមប្រធានាធិបតីបារំាងបានលើកឡើងទៀត នៅក្នុងដំណើរទស្សនកិច្ចរបស់សម្តេចធិបតី លើទឹកដីបារាំងនេះ នឹងមានការជជែកគ្នាជាច្រើនជាមួយឯកឧត្តម លើមធ្យោបាយ និងជំនាញចាំបាញ់ នានាដោយមានការជួយជ្រោមជ្រែងពី AFD។ ឯកឧត្តមបានបញ្ជាក់បន្ថែមទៀតថា នៅក្នុងសប្តាហ៍នេះទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ដែលហៅ កាត់ថាAFD បានចំណាយកញ្ចប់ថវិកាចំនួនជាង២០០លានដុល្លារអាមេរិកដល់កម្ពុជា សម្រាប់វិស័យ បណ្តុះបណ្តាលវិជ្ជាជីវៈ ថាមពល និងប្រព្រឹត្តិកម្មទឹកស្អាត។
នៅក្នុងសន្និសីទរួមគ្នាប្រហែលជាង៧នាទីនោះ ឯកឧត្តម ម៉ាណូអែល ម៉ាក្រុងក៏បានលើកឡើងអំ ពីការបញ្ជូនកងទ័ពមួកខៀវទៅចូលរួមថែរក្សាសន្តិភាពអង្គការសហប្រជាជាតិផងដែរ ដោយក្នុងនោះ ឯក ឧត្តមប្រធានាធិបតី បានកោតសរសើរថាការធ្វើវិភាគទានរបស់កម្ពុជា ក្នុងការបរិច្ចាគកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដោយការបរិច្ចាគនោះគឺជាវិភាគទានធំជាងគេនៅអាស៊ី។
ឯកឧត្តមប្រធានាធិបតីបារាំងក៏បានរំលឹកផងដែរអំពីកិច្ចជំនួបរវាងឯកឧត្តម ជាមួយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយកិច្ចជំនួបនោះឯកឧត្តមនិងសម្តេច តេជោបានធ្វើការថ្កោលទោសរួមគ្នាជាមួយសម្តេច ចំពោះសង្រ្គាមនៅអឺរ៉ុបដែលបង្ករឡើងដោយរុស្ស៊ី។
ឯកឧត្តមប្រធានាធិបតី ម៉ាក្រុងបានបញ្ជាក់បន្ថែមទៀតថា ឯកឧត្តមពិតជា ថ្លែងកោតសរសើរចំពោះប្រទេសកម្ពុជា ដែលបានថ្លោលទោសសង្រ្គាមនៅរុស្ស៊ី ដោយជំហរដ៏ក្លាហានរបស់កម្ពុជានេះគឺជាទឡ្ហីករណ៍ដ៏ច្បាស់ក្រឡែត ខណៈបញ្ហាពាក់ព័ន្ធនឹងជម្លោះនេះវាហួសទៅឆ្ងាយពីព្រំដែនរបស់អឺរ៉ុបទៅហើយ ហើយចំពោះជំហររបស់កម្ពុជាទាក់ទងនឹងសង្រ្គាមនៅរុស្ស៊ីនេះ ឯកឧត្តមក៏បានថ្លែងកោតសរសើរកម្ពុជាចំពោះមុខតុលាការឧក្រិដ្ឋកម្មអន្តរជាតិផងដែរ។
ថ្លែងនៅក្នុងសន្និសីទនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្នុងដំណើរទស្សន កិច្ចរបស់សម្ដេចក៏ដូចជាថ្នាក់ដឹកនាំមុនៗនៅប្រទេសបារាំងគឺជាការបង្ហាញឲ្យឃើញពីភាពស៊ីជម្រៅ និងចំណងមិត្តភាពរបស់កម្ពុជា និងបារាំង។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងចំពោះមុខឯកឧត្តមប្រធានាធិបតីបារាំងផងដែរថា ក្នុងនាមសម្តេចជានាយករដ្ឋមន្រ្តីថ្មីនៃកម្ពុជា សម្តេចសូមបញ្ជាក់នូវជំហរយ៉ាងច្បាស់លាស់របស់កម្ពុជានៅ ក្នុងការពូនជ្រុំ និងបន្តពង្រឹងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបារាំង។ មួយ វិញទៀត សម្តេចធិបតី នាយករដ្ឋមន្រ្តីសង្ឈឹមថា ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចនៅប្រទេសបារំាងនាពេលនេះនឹងមានការជជែកគ្នាកាន់តែច្រើនបន្ថែមទៀតក្នុងការលើកតម្កើងនៃកិច្ចសហប្រតិបត្តិការ រវាងដៃគូរបស់ប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជន និងប្រទេសទាំងពីរ(កម្ពុជា-បារាំង)។
នៅក្នុងសន្និសីទនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងផងដែរថា កម្ពុជាចង់ចាំជានិច្ចនូវតួនាទីរបស់បារាំង ក្នុងនាមជាស្ថាបនិក និងក្នុងនាម ជាប្រធានសន្និសីទទីក្រុងប៉ារីស ស្តីពីកម្ពុជាដែលនាំដល់ការសម្រេចបាននូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស នៅឆ្នាំ១៩៩១ ដែលជាការរួមចំណែកយ៉ាងខ្លាំងរបស់បារាំងក្នុងការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិកម្ពុជាតាំងពេលនោះមក តាមរយៈទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដែលបានធ្វើឲ្យកម្ពុជា ក្លាយជាប្រទេស មានចំណូលមធ្យមកម្រិតទាមនៅឆ្នាំ២០១៥ និងស្ថិតទៅមាគ៌ាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០៕
អត្ថបទបាន ចក់


