បាត់ដំបង ៖ ដោយមានការព្រួយបារម្ភ ពីការឆ្លងរាលដាលកាន់តែខ្លាំងក្នុងសហគមន៍ នៃជំងឺកូវីដ-១៩ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានជំរុញអាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទាំងអស់ បង្កើនការទប់ស្កាត់ កុំឲ្យជំងឺនេះឆ្លងកាន់តែខ្លាំងបន្ថែមទៀត ខណៈការរកឃើញអ្នកវិជ្ជមាន នៅខែមិថុនា នេះ ជារៀងរាល់ថ្ងៃ ។
ក្នុងឱកាសនាំអំណោយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ចែកជូនពលរដ្ឋ រងការប៉ះពាល់ជីវភាពដោយសារវិបត្តិជំងឺកូវីដ-១៩ ១០០គ្រួសារ នៅភូមិបល្ល័ង្គ សង្កាត់វត្តគរ ក្រុងបាត់ដំបង នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ បានលើកឡើងថា ជំងឺកូវីដ-១៩ កំពុងឆ្លងច្រើននៅក្នុងខេត្តបាត់ដំបង រហូតមានអ្នកស្លាប់បាត់បង់ជីវិតដោយសារជំងឺនេះ ដែលបញ្ហានេះ ត្រូវតែចូលរួមទាំងអស់គ្នាក្នុងការទប់ស្កាត់ ដោយមិនត្រូវមានការព្រងើយកន្ដើយ និងមាន ការធ្វេសប្រហែស ។
ឯកឧត្តម បានបន្តថា ក្នុងដំណាក់កាលនេះ យើងមិនត្រូវទុកចិត្តអ្នកណាម្នាក់នោះទេ ក្រៅពីសមាជិកក្រុមគ្រួសាររបស់ខ្លួន ដូច្នេះគ្រប់គ្នា ត្រូវតែអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមវិធានការ មាន៣កុំ ៣ការពារ តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល រួមទាំងបង្កើននូវការផ្សព្វផ្សាយ ពីការទប់ស្កាត់ នៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ។
ទន្ទឹមនឹងការព្រួយបារម្ភ ពីការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩នេះ អភិបាលខេត្តបាត់ដំបង ក៏បានជំរុញអាជ្ញាធរមូលដ្ឋាន ត្រូវស្វែងរកប្រជាពលរដ្ឋ ដែលបានរងការប៉ះពាល់ផ្នែកសេដ្ឋកិច្ច និងមានជីវភាពខ្វះខាត ដើម្បីផ្ដល់ស្បៀងអាហារជូនពលរដ្ឋនៅតាមខ្នងផ្ទះ ដោយធ្វើឲ្យបានច្បាស់លាស់ និងមានតម្លាភាព។
ចាប់ពីមានការផ្ទុះឆ្លងជំងឺកូវីដ-១៩ នៅកម្ពុជា សម្រាប់ខេត្តបាត់ដំបង រហូតមកដល់ពេលនេះ មាន អ្នកឆ្លងជំងឺនេះ ចំនួន៧៣៣នាក់ ព្យាបាលជាសះស្បើយ ចំនួន៤២៦នាក់ ស្លាប់៦នាក់ និងកំពុងសម្រាកព្យាបាល ចំនួន៣០១នាក់។ ដោយក្នុងចំណោមអ្នកឆ្លងទាំង ៧៣៣នាក់នោះ គឺកាលពីថ្ងៃទី២៤ ខែមិថុនា អាជ្ញាធរខេត្ត បានរកឃើញចំនួន២៥នាក់ និងជាសះស្បើយ ចំនួន១៣នាក់ ៕
អត្ថបទ៖ បាន សុខរិទ្ធ