វីដេអូពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៨ មករា បង្ហាញពីហេតុការណ៍ក្រោយការវាយប្រហារតាមអាកាសដែលសង្ស័យថាស្នាដៃរបស់ប្រទេសហ្ស៊កដានី ទៅលើភាគខាងត្បូងប្រទេសស៊ីរី ដែលបានសម្លាប់មនុស្ស ១០នាក់រួមទាំងកុមារកាលពីព្រឹកថ្ងៃពុធ១៧មករា ។

សារព័ត៌មានReuters មិនអាចបញ្ជាក់ដោយឯករាជ្យអំពីទីតាំងដែលត្រូវបានថតនោះទេ ប៉ុន្តែវត្រូវបានចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក Suwayda 24 ដែលបង្ហោះវីដេអូ ត្រូវបានផ្ទៀងផ្ទាត់ពីតំបន់នោះជាប្រចាំ។ពុំមានការអត្ថាធិប្បាយភ្លាមៗពីក្រុមអាជ្ញាធរហ្ស៊កដានីទេ។

សារព័ត៌ក្នុងស្រុក Sham F.M. បានរាយការណ៍ថា ការវាយប្រហារតាមអាកាសរបស់ហ្ស៊កដានីបានប៉ះចំផ្ទះពីរខ្នងនៅក្នុងទីប្រជុំជនអាម៉ាន់(Arman) ក្នុងខេត្ត ស្វេដា (Sweida) ភាគខាងត្បូង ដែលបណ្តាលឱ្យមានមនុស្សស្លាប់។
Suwayda24 ជាសារព័ត៌មានរបស់ប្រទេសស៊ីរីដែលតាមដានស្ថានភាពក្នុងខេត្តនេះ បាននិយាយថា ការវាយប្រហារតាមអាកាសក្នុងពេលដំណាលគ្នាទាំងយប់ បានចំតំបន់លំនៅដ្ឋានក្នុងទីប្រជុំជនអាម៉ាន់ នៅភាគអាគ្នេយ៍នៃខេត្តនេះ នៅជិតព្រំដែនជាមួយប្រទេសហ្ស៊កដានី។

ប្រភពដដែលបាននិយាយថា ការវាយប្រហារនេះបានសម្លាប់ជនស៊ីវិល១០ នាក់ ក្នុងនោះមានកុមារ ២នាក់ ស្ត្រី៥ នាក់ និងបុរស ៣ នាក់ ប៉ុន្តែពុំបានបញ្ជាក់ថាការវាយប្រហារតាមអាកាសរបស់ប្រទេសហ្ស៊កដានីនោះទេ។
កងទ័ពរបស់ប្រទេសហ្ស៊កដានីបានបង្កើនយុទ្ធនាការប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀនក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះបន្ទាប់ពីការប៉ះទង្គិចគ្នាកាលពីខែមុនជាមួយមនុស្សរាប់សិបនាក់ដែលសង្ស័យថាមានទំនាក់ទំនងជាមួយកងជីវពលគាំទ្រដោយអ៊ីរ៉ង់ ដែលផ្ទុកគ្រឿងញៀនយ៉ាងច្រើនឆ្លងកាត់ព្រំដែនរបស់ខ្លួនជាមួយស៊ីរី រួមជាមួយនឹងអាវុធ និងគ្រឿងផ្ទុះជាច្រើនទៀត៕