អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ ហ្គុយតឺរ៉េស (Antonio Guterres) បានជំរុញឱ្យអ៊ីរ៉ង់ និងប៉ាគីស្ថាន «អនុវត្តការអត់ធ្មត់ជាអតិបរមា ដើម្បីជៀសវាងការកើនឡើងនៃភាពតានតឹងបន្ថែមទៀត» បន្ទាប់ពីការវាយប្រហារយោធាតបតដ៏តានតឹងរវាងប្រទេសទាំងពីរ នេះបើយោងតាមអ្នកនាំពាក្យរបស់លោកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៨ មករា)។

អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក ស្តេហ្វាន ឌូច្ហារីក (Stephane Dujarric) បាននិយាយថា «លោកអគ្គលេខាធិការគូសបញ្ជាក់ថា រាល់កង្វល់សន្តិសុខរវាងប្រទេសទាំងពីរ ត្រូវតែដោះស្រាយដោយសន្តិវិធី តាមរយៈការសន្ទនា និងកិច្ចសហប្រតិបត្តិការ ស្របតាមគោលការណ៍អធិបតេយ្យភាព បូរណភាពទឹកដី និងទំនាក់ទំនងអ្នកជិតខាងល្អ»។

ប៉ាគីស្ថានបានបើកការវាយប្រហារលើក្រុមសកម្មប្រយុទ្ធផ្ដាច់ខ្លួននៅខាងក្នុងប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងការវាយប្រហារសងសឹករយៈពេលពីរថ្ងៃបន្ទាប់ពីទីក្រុងតេអេរ៉ង់ បាននិយាយថាខ្លួនបានវាយប្រហារមូលដ្ឋានរបស់ក្រុមមួយផ្សេងទៀតនៅក្នុងទឹកដីប៉ាគីស្ថាន៕
