យានបេសកកម្មអវកាសដែលមានអវកាសយានិកដំបូងបង្អស់របស់ប្រទេសទួរគី និងសមាជិកនាវិកបីនាក់ផ្សេងទៀតតំណាងឱ្យទ្វីបអឺរ៉ុប ត្រូវបានបាញ់បង្ហោះពីរដ្ឋហ្វ្លរីដា របស់សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ (១៨ មករា) ក្នុងការធ្វើដំណើរទៅកាន់ស្ថានីយអវកាសអន្តរជាតិក្នុងបេសកកម្មរៀបចំពាណិជ្ជកម្មចុងក្រោយបង្អស់ពីក្រុមហ៊ុន អាហ្ស៊ីអុម ស្ពេស (Axiom Space) របស់រដ្ឋតិចសាស់។

បន្ទប់យានអវកាស ស្ពេសអ៊ិច គ្រូដ្រាហ្គន (SpaceX Crew Dragon) ផ្ទុកយាន អាហ្ស៊ីអុម បានលើកពីលើយានចម្លង ហ្វាលខន-៩ (Falcon 9) ប្រហែលមួយម៉ោងមុនពេលថ្ងៃលិចពីមជ្ឈមណ្ឌលអវកាស ខេនណេឌី (Kennedy) របស់អង្គការណាសា (NASA) នៅទីក្រុង ខេប ខាណាវើរ៉ាល (Cape Canaveral) ដោយចាប់ផ្តើមការហោះហើរ ៣៦ម៉ោង ដែលបានគ្រោងទុកទៅកាន់មន្ទីរពិសោធន៍គន្លង។

យាន គ្រូដ្រាហ្គន ដែលដំណើរការដោយស្វ័យភាព ត្រូវបានគេរំពឹងថានឹងទៅដល់ស្ថានីយ៍អវកាសអន្តរជាតិ (ISS) នៅព្រឹកថ្ងៃសៅរ៍ ហើយចូលចតជាមួយនឹងស្ថានីយដែលធ្វើគន្លងគោចរនៅចម្ងាយប្រហែល ៤០០គីឡូម៉ែត្រពីលើផែនដី ហើយបច្ចុប្បន្នត្រូវបានកាន់កាប់ដោយសមាជិកនាវិកធម្មតាចំនួនប្រាំពីរនាក់។

បេសកកម្មនេះគឺជាការហោះហើរលើកទីបីដែលរៀបចំដោយក្រុមហ៊ុន អាហ្ស៊ីអុម ដែលមានមូលដ្ឋាននៅទីក្រុង ហូសស្តុន (Houston) ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ខណៈដែលក្រុមហ៊ុននេះបង្កើតអាជីវកម្មរបស់ខ្លួនក្នុងការបញ្ជូនអវកាសយានិកឧបត្ថម្ភដោយរដ្ឋាភិបាលបរទេស និងសហគ្រាសឯកជនចូលទៅក្នុងគន្លងផែនដី៕