ប្រទេសចិន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៨ មករា) ថាខ្លួនចង់ដើរតួនាទីស្ថាបនាក្នុងការបន្ធូរបន្ថយភាពតានតឹងរវាងប៉ាគីស្ថាន និងអ៊ីរ៉ង់។ ការលើកឡើងនេះត្រូវបានធ្វើឡើងដោយអ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង (Mao Ning) ក្នុងសន្និសីទសារព័ត៌មានជាប្រចាំក្នុងទីក្រុងប៉េកាំង។

ប៉ាគីស្ថានបានប្រើប្រាស់យានដ្រូន និងគ្រាប់រ៉ូកែត ដើម្បីវាយប្រហារក្រុមសកម្មប្រយុទ្ធផ្ដាច់ខ្លួន បាឡុច (Baloch) នៅខាងក្នុងប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងការវាយប្រហារសងសឹក រយៈពេលពីរថ្ងៃបន្ទាប់ពីទីក្រុងតេអេរ៉ង់បាននិយាយថា ខ្លួនបានវាយប្រហារមូលដ្ឋានរបស់ក្រុមមួយផ្សេងទៀតនៅក្នុងទឹកដីប៉ាគីស្ថាន។

លោកស្រី ម៉ៅ បាននិយាយថា ប្រទេសចិនកំពុងតាមដានយ៉ាងដិតដល់នូវការវិវត្តនៃស្ថានការណ៍ដ៏តានតឹងនេះ។
ដោយកត់សម្គាល់ថា អ៊ីរ៉ង់ និងប៉ាគីស្ថាន គឺជាប្រទេសជិតខាង និងជាប្រទេសដែលមានឥទ្ធិពល ព្រមទាំងរក្សាទំនាក់ទំនងមិត្តភាពជាមួយប្រទេសចិន អ្នកនាំពាក្យរូបនេះបាននិយាយថា ប្រទេសចិនសង្ឃឹមដោយស្មោះថាភាគីទាំងពីរនឹងរក្សាភាពស្ងប់ស្ងាត់ បង្ហាញការអត់ធ្មត់ និងជៀសវាងការបង្កើនភាពតានតឹង៕
