ប្រធានការិយាល័យព័ត៌មានមិនពិតរបស់ក្រសួងការបរទេស បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៨ មករា) ថាសហរដ្ឋអាមេរិកជឿជាក់ថាប្រទេសរុស្ស៊ី នឹងធ្វើ «ប្រតិបត្តិការព័ត៌មាន» ក្នុងគោលបំណងបង្វែរមតិនៅអឺរ៉ុបប្រឆាំងនឹងអ៊ុយក្រែន នៅពេលដែលប្រទេសនានាទូទាំងទ្វីបទៅបោះឆ្នោតនៅឆ្នាំនេះ។

ប្រទេសរាប់សិបនៅទូទាំងពិភពលោកនឹងបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីនៅឆ្នាំ២០២៤ រួមទាំងការបោះឆ្នោតនៅចក្រភពអង់គ្លេស អូទ្រីស និងហ្សកហ្ស៊ី ក៏ដូចជាការបោះឆ្នោតសភាអឺរ៉ុបនៅខែមិថុនា ខាងមុខនេះ។

លោក ជេមមី រ៉ូប៊ីន (Jamie Rubin) បេសកជនពិសេស និងអ្នកសម្របសម្រួលសម្រាប់មជ្ឈមណ្ឌលការចូលរួមជាសកល (GEC) បានប្រាប់អ្នកសារព័ត៌មានថា សត្រូវរបស់សហរដ្ឋអាមេរិក គឺរុស្ស៊ី ក៏ដូចជាប្រទេសចិន កំពុងធ្វើការនៅជុំវិញពិភពលោក ដើម្បីចែកចាយការឃោសនាបែបបំភាន់របស់រដ្ឋក្នុងនាមជាអ្នកសារព័ត៌មានឯករាជ្យ ដោយលាក់ប្រភពពិតរបស់ខ្លួន។

លោក រ៉ូប៊ីន មិនបានលើកឡើងពីប្រទេសជាក់លាក់ដែលលោកមានការព្រួយបារម្ភនោះទេ ប៉ុន្តែបាននិយាយថាការគំរាមកំហែងចម្បងក្នុងឆ្នាំនេះគឺនៅអឺរ៉ុប ដែលដំបូងឡើយបានរួបរួមគ្នាប្រឆាំងនឹងការឈ្លានពានអ៊ុយក្រែន ក្នុងឆ្នាំ២០២២ របស់រុស្ស៊ី ហើយបានផ្តល់ជំនួយយោធា និងជំនួយផ្សេងៗទៀតដល់អ៊ុយក្រែន៕