សម្រាប់ពាណិជ្ជករចិន លោក ហាន ឆាងមីង (Han Changming) ការរំខានដល់ការដឹកជញ្ជូនទំនិញនៅសមុទ្រក្រហមកំពុងគំរាមកំហែងដល់ការរស់រានមានជីវិតរបស់ក្រុមហ៊ុនពាណិជ្ជកម្មរបស់លោកនៅក្នុងខេត្តហ្វ៊ូជៀន(Fujian) ភាគខាងកើត។

លោក Han ដែលជាប្រធានក្រុមហ៊ុននាំចេញរថយន្ត ផលិតពីប្រទេសចិន ទៅកាន់ទ្វីបអាហ្រ្វិក និងនាំចូលរថយន្ត off-road ពីអឺរ៉ុប បានប្រាប់ សារព័ត៌មាន Reuters ថា តម្លៃនៃការដឹកជញ្ជូនតាមកុងតឺន័រទៅកាន់អឺរ៉ុបបានកើនឡើងដល់ប្រហែលពី៣.០០០ដុល្លារដល់៧.០០០ដុល្លារអាមេរិក កាលពីខែធ្នូ នៅពេលដែលក្រុមចលនាឧទ្ទាមហ៊ួទី (Houthi) គាំទ្រដោយប្រទេសអ៊ីរ៉ង់ក្នុងប្រទេសយ៉េមែន បង្កើនការវាយប្រហារលើការដឹកជញ្ជូន។

លោក Han បាននិយាយថា ការរំខាន បានធ្វើឲ្យបាត់បង់ប្រាក់ចំណេញដ៏តិចតួចរបស់យើង ដោយបន្ថែមថា ការធានារ៉ាប់រងលើការដឹកជញ្ជូនក្នុងតម្លៃខ្ពស់ក៏កំពុងធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុនហ្វ៊ូចូវ ហាន ឆាងមីង អ៊ីនធ័រណាហ្សិនណល ត្រេដ ខូ អិលធីឌី (Fuzhou Han Changming International Trade Co Ltd) ជាក្រុមហ៊ុនដែលលោកបានបង្កើតឡើងក្នុងឆ្នាំ២០១៦ ។
ការកាត់ផ្ដាច់ផ្លូវដឹកជញ្ជូនដ៏មមាញឹកបំផុតមួយរបស់ពិភពលោកបានបង្ហាញពីភាពងាយរងគ្រោះនៃសេដ្ឋកិច្ចដែលពឹងផ្អែកលើការនាំចេញរបស់ប្រទេសចិនក្នុងការផ្គត់ផ្គង់ និងការប៉ះទង្គិចដល់តម្រូវការខាងក្រៅ។

នៅក្នុងសុន្ទរកថាមួយនៅឯវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos ប្រទេសស្វីសកាលពីថ្ងៃអង្គារ នាយករដ្ឋមន្ត្រី លីឈាង(Li Qiang) បានសង្កត់ធ្ងន់លើតម្រូវការដើម្បីរក្សាខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក ប្រកបដោយស្ថិរភាព និងរលូន ដោយមិនសំដៅជាពិសេសទៅលើសមុទ្រក្រហមនោះទេ៕