ក្នុងទីក្រុង ត្រូស្តៀណិតស៍ (Trostianets) របស់អ៊ុយក្រែន គេឃើញយានអេស្កាវ៉ាទ័រកំពុងសម្អាតបំណាក់ដី និងកម្ទេចកម្ទីពីចន្លោះរថភ្លើង និងស្ថានីយរថយន្តក្រុងដើម្បីធ្វើផ្លូវសម្រាប់មជ្ឈមណ្ឌលដឹកជញ្ជូនដែលបានគ្រោងទុកឡើងវិញ។

ដោយរងការខូចខាតយ៉ាងធ្ងន់ធ្ងរនៅក្នុងការប្រយុទ្ធជាមួយកងកម្លាំងរុស្ស៊ី កាលពីជិត ២ឆ្នាំមុន ទីក្រុង ត្រូស្តៀណិតស៍ គឺជាតំបន់លំនៅដ្ឋានមួយក្នុងចំណោមការតាំងទីលំនៅចំនួនប្រាំមួយដែលកំពុងត្រូវបានសាងសង់ឡើងវិញជាមួយនឹងមូលនិធិរបស់រដ្ឋនៅក្នុងកម្មវិធីសាកល្បងដើម្បីអភិវឌ្ឍជំនាញ និងបទពិសោធន៍ដែលត្រូវការសម្រាប់ដំណើរការកសាងឡើងវិញដ៏ទូលំទូលាយនៅពេលក្រោយ។

អភិបាលក្រុង លោក យ៉ូរីវ បូវ៉ា (Yuriy Bova) បាននិយាយថា ពេលវេលាកំពុងជិតអស់ហើយក្នុងការនាំយកដង្ហើមជីវិតត្រឡប់ទៅទីក្រុងវិញ បើមិនដូច្នោះទេយើងនឹងប្រថុយនឹងការបាត់បង់ជនជាតិអ៊ុយក្រែនរាប់លាននាក់ ដែលអាចជួយអភិវឌ្ឍប្រទេសឡើងវិញ ដោយសារពួកគេនិរទេសខ្លួនជាអចិន្ត្រៃយ៍នៅអឺរ៉ុប។
ក្រុមមន្ត្រីក្នុងទីក្រុងគីវ ក៏បានផ្តល់សញ្ញាអំពីភាពបន្ទាន់នៃការកសាងអ៊ុយក្រែនឡើងវិញ ដោយជាកិច្ចខិតខំប្រឹងប្រែងដែលនឹងត្រូវការប្រាក់រាប់រយពាន់លានដុល្លារ និងពាក់ព័ន្ធនឹងការជួសជុលរហ័សទៅកាន់ទីតាំងសំខាន់ៗដូចជា មន្ទីរពេទ្យ ស្ថានីយ៍ថាមពល និងផ្លូវរថភ្លើង។
ទោះជាយ៉ាងណា សង្គ្រាមមិនបង្ហាញសញ្ញានៃការធូរស្រាលឡើយ ហើយពេលនេះអ៊ុយក្រែនកំពុងការពារប្រឆាំងនឹងការវាយប្រហារថ្មីរបស់រុស្ស៊ី បន្ទាប់ពីការវាយលុករបស់ខ្លួនមិនបានជោគជ័យ និងមិនទទួលបានផលចំណេញច្រើន។ ទីក្រុងមូស្គូ ក៏បានបន្តយុទ្ធនាការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំលើមជ្ឈមណ្ឌលប្រជាជនឆ្ងាយហួសពីជួរមុខនៃសង្រ្គាមផងដែរ៕