សភាសហភាពអឺរ៉ុបកាលពីថ្ងៃព្រហស្បតិ៍ បានអនុម័តសេចក្តីសម្រេចមួយ ដោយអំពាវនាវឲ្យមានបទឈប់បាញ់នៅក្នុងសង្គ្រាមអ៊ីស្រាអែល-ក្រុមហាម៉ាស ប្រសិនបើលក្ខខណ្ឌចំនួនពីរ ត្រូវបានបំពេញនោះ។

វិធានការមិនជាប់កាតព្វកិច្ច បានទាមទារមានការដោះលែងចំណាប់ថ្នូរ ទាំងអស់ ហើយក្រុមហាម៉ាស ត្រូវរុះរើ ដើម្បីអំពាវនាវឲ្យមានបទឈប់បាញ់ និងការវិលត្រឡប់ទៅរកកិច្ចខិតខំប្រឹងប្រែង ដើម្បីស្វែងរកដំណោះស្រាយនយោបាយចំពោះជម្លោះនេះ។

សភាបាននិយាយថា៖«ខណៈពេលដែលថ្កោលទោសក្នុងលក្ខខណ្ឌដ៏ខ្លាំងក្លាបំផុតនៃការវាយប្រហារភេរវកម្មដ៏គួរឲ្យស្អប់ខ្ពើម ដែលប្រព្រឹត្តដោយក្រុមហាម៉ាសប្រឆាំងនឹងអ៊ីស្រាអែល ពួកគេ ក៏បានថ្កោលទោសការឆ្លើយតបរបស់យោធាអ៊ីស្រាអែលមិនសមហេតុផល ដែលបានបណ្តាលឲ្យចំនួនជនស៊ីវិលស្លាប់ ក្នុងទំហំដែលមិនធ្លាប់មានពីមុនមក»។

សេចក្តីសម្រេចនេះ ក៏បានអំពាវនាវឲ្យមានគំនិតផ្តួចផ្តើមរបស់អឺរ៉ុប ដែលដាក់ដំណោះស្រាយរដ្ឋពីរ ត្រឡប់រកមាគ៌ាដ៏ត្រឹមត្រូវ ហើយសង្កត់ធ្ងន់លើភាពចាំបាច់ដាច់ខាតនៃការចាប់ផ្តើមដំណើរការសន្តិភាពឡើងវិញជាបន្ទាន់។
សេចក្តីសម្រេចនេះដែរ គាំទ្រដល់គំនិតផ្តួចផ្តើមសន្តិភាពអារ៉ាប់ឆ្នាំ២០០២ ដែលអំពាវនាវឲ្យបញ្ចប់ការកាន់កាប់របស់អ៊ីស្រាអែលលើទឹកដីប៉ាឡេស្ទីន ហើយសង្កត់ធ្ងន់ថា ការតាំងទីលំនៅរបស់អ៊ីស្រាអែលនៅតំបន់វេសបែងនិងហ្ស៊េរុសាឡឹមគឺ «ខុសច្បាប់ក្រោមច្បាប់អន្តរជាតិ»។