នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៨ មករា) ថាអ៊ីស្រាអែលបានបំផ្លាញអង្គភាពកងវរសេនាធំប្រយុទ្ធរបស់ពួកហាម៉ាសប្រហែលពីរភាគបីនៅក្នុងតំបន់ហ្កាហ្សា ហើយបានប្តេជ្ញាថានឹងបន្តសង្រ្គាមរហូតដល់ទទួលបាន «ជ័យជំនះពេញលេញ»។

លោក ណេតាន់យ៉ាហ៊ូ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុង តែលអាវីវ (Tel Aviv) ថា «មានពីរដំណាក់កាលសម្រាប់ការប្រយុទ្ធគ្នា ទីមួយគឺការបំផ្លាញកងវរសេនាធំហាម៉ាស ដែលជាក្របខ័ណ្ឌប្រយុទ្ធរបស់ពួកគេ»។

«រហូតមកដល់ពេលនេះចំនួនដប់ប្រាំមួយ ឬដប់ប្រាំពីរក្នុងចំណោមអង្គភាពយោធាកងវរសេនាធំចំនួនម្ភៃបួនត្រូវបានបំផ្លាញ។ បន្ទាប់ពីនោះមាន ដំណាក់កាលនៃការបោសសំអាតទឹកដីរបស់ពួកសកម្មប្រយុទ្ធនេះ។ សកម្មភាពដំបូងជាធម្មតាគឺខ្លីជាង ហើយសកម្មភាពទីពីរនឹងត្រូវចំណាយពេលយូរជាងនេះ»។

ដោយកាន់រូបថតរបស់ទាហានអ៊ីស្រាអែលដែលបានស្លាប់ លោក ណេតាន់យ៉ាហ៊ូ បាននិយាយថា កងទ័ពនឹងមិនស្លាប់ដោយឥតប្រយោជន៍ទេ ហើយការប្រយុទ្ធនឹងបន្តរហូតដល់ក្រុមហាម៉ាស ត្រូវបានកម្ចាត់ ហើយចំណាប់ថ្នូរនៅតំបន់ហ្កាហ្សាត្រូវបានជួយសង្រ្គោះមកវិញ៕