ភ្នំពេញ៖ អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានលើកឡើងជាមួយក្តីរំពឹងទុកថា តាមរយៈដំណើរទស្សនកិច្ចរបស់សម្តេចនាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅកាន់សហគមអឺរ៉ុបលើកនេះ នឹងអាចនាំមកវិញនូវអ្នកវិនិយោគដែលមានបំណងចង់រកស៊ីក្នុងវិស័យកសិកម្ម ក៏ដូចជាការទៅពង្រីកបើកទីផ្សារអង្ករបន្ថែមទៀត នៅក្នុងប្រទេសមួយចំនួនក្នុងសហគមន៍អឺរ៉ុប។

លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានមានប្រសាសន៍ប្រាប់ ប៊ីធីវី នៅព្រឹកថ្ងៃទី១៩ ខែមករានេះថា ទាក់ទងដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅប្រទេសបារំាង និងស្វីស លោកបានមើលឃើញថា មានជំនួបការងារយ៉ាងច្រើនដែលសម្តេចក៏ដូចជាគណៈប្រតិភូកម្ពុជាបានកំពុងបំពេញ ក្នុងនោះក៏បានចាប់អារម្មណ៍ឃើញមានជួបជាមួយក្រុមហ៊ុន Bühler Group ខណៈបច្ចុប្បន្នក្រុមហ៊ុនមួយនេះ មានវត្តមាននៅកម្ពុជារួចហើយដែរ។
លោកបានឲ្យដឹងថា ក្រុមហ៊ុន Bühler Group បច្ចុប្បន្ននេះ កំពុងផ្គត់ផ្គង់នូវបរិក្ខាដល់រោងម៉ាស៊ីនកិនស្រូវ ដែលធ្វើឲ្យរោងម៉ាស៊ីនកិនស្រូវនៅកម្ពុជា ក្លាយទៅជារោងម៉ាស៊ីនកិនស្រូវដែលបំពាក់នូវបច្ចេកវិទ្យាទំនើបចុងក្រោយជាច្រើន ជាពិសេសប្រព័ន្ធរើសគ្រាប់ពណ៌ឡសម្ងួត និងម៉ាស៊ីនផ្សេងៗទៀត ដែលបំពាក់សម្រាប់បម្រើកិនកែច្នៃនៅក្នុងរោងម៉ាស៊ីនកិនស្រូវ។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Mary Akinyi Olwal នាយិកាគ្រប់គ្រងគុណភាព និងការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិ នៃក្រុមហ៊ុន Bühler Group ចូលជួបសម្តែងការគួរសមក្នុងឱកាសចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស សហព័ន្ធស្វីស។

ក្នុងឱកាសនៃជំនួបនេះ លោកស្រីនាយិកា បានបង្ហាញអំពីចំណាប់អារម្មណ៍នៅក្នុងការពង្រីកនូវការវិនិយោគរបស់ក្រុមហ៊ុន ដោយនាំយកនូវបច្ចេកវិទ្យាទំនើបឈានមុខគេដើម្បីអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា ចាប់តាំងពីដំណើរការនៃការដាំដុះ ការប្រមូលផល រហូតដល់ការផលិតកែច្នៃដើម្បីនាំចេញទៅក្រៅប្រទេសផងដែរ។

សូមជម្រាបជូនទៀតថា ក្រុមហ៊ុន Buhler Group គឺជាក្រុមហ៊ុនប្រទេសស្វីស ដែលបានចាប់ផ្តើមអាជីវកម្មរបស់ខ្លួន អស់រយៈពេល ១៥០ឆ្នាំមកហើយ ដោយមានប្រតិបត្តិការអាជីវកម្មនៅប្រទេសចំនួន១៤០ ជុំវិញពិភពលោក។ ក្រុមហ៊ុននេះបានផ្តោតសំខាន់លើសន្តិសុខ និងសុវត្ថិភាពស្បៀង ដោយបានវិវត្តន៍នូវបច្ចេកវិទ្យាទំនើបក្នុងការកែច្នៃ វេចខ្ចប់ និងចែកចាយ ចំណីអាហារ។ លើសពីនេះទៀត ក្រុមហ៊ុន Bühler គឺជាក្រុមហ៊ុនដែលឈានមុខគេលើបច្ចេកវិទ្យារថយន្ត អុបទិក អេឡិចត្រូនិច ការបោះពុម្ព ការវេចខ្ចប់ និងបច្ចេកវិទ្យាកញ្ចក់៕