បាល់ទាត់៖ ខ្សែប្រយុទ្ធក្រុមបិសាចក្រហម Manchester United, Edinson Cavani ទីបំផុតស៊ុតបញ្ចូលទីគ្រាប់ដំបូងឱ្យអ៊ុយរូហ្កាយ តាំងពីខែវិច្ឆិកាយកឈ្នះបូលីវៀ ២-០ ឡើងវគ្គ ៨ក្រុមចុងក្រោយ Copa America។

ខ្សែប្រយុទ្ធវ័យ ៣៤ឆ្នាំរូបនេះមានឱកាសជាច្រើនដែរតែធ្វើមិនបានសំរេច ពោលគឺត្រូវរង់ចាំដល់ ១១នាទីចុងក្រោយទើបធ្វើបានសំរេចពីការបញ្ជូនរបស់ Facundo Torres នៅនាទីទី៧៩។ មុនគ្រាប់នេះកើតឡើងអ៊ុយរូហ្កាយបាននាំមុខតាំងពីនាទីទី៤០ ដោយគ្រាប់បាល់ចូលទីខ្លួនឯងរបស់ខ្សែការពារបូលីវៀ Jairo Quinteros។ ជ័យជំនះនេះធ្វើអោយអ៊ុយរូហ្កាយធានាបានកៅអីនៅវគ្គ ៨ក្រុមចុងក្រោយ Copa America ក្រោយឡើងមកលេខ៣ ក្នុងពូលមាន ៤ពិន្ទុពីការប្រកួត ៣លើក។
ក្រុមរបស់លោក Oscar Tabarez នឹងត្រូវជួបប៉ារ៉ាហ្កាយជំនួបក្នុងចុងក្រោយ ក្នុងពូលនៅថ្ងៃចន្ទដើមសប្តាហ៍ក្រោយ ខណៈបូលីវៀដែលអស់ឱកាសទៅហើយនោះត្រូវជួបអាហ្សង់ទីន។ ចំណែកមួយប្រកួតទៀតនៅក្នុងពូល A នេះប៉ារ៉ាហ្កាយបានយកឈ្នះស៊ីលី ២-០ ដោយគ្រាប់បាល់របស់ Braian Samudo និងបាល់ ១១ម៉ែត្ររបស់ខ្សែប្រយុទ្ធ Newcastle, Miguel Almiron។ ៣ពិន្ទុនេះធ្វើអោយប៉ារ៉ាហ្កាយដែលជាអតីតជើងឯក Copa America នេះ ២សម័យមានកៅអីឡើងវគ្គ ៨ក្រុមចុងក្រោយ៕
អត្ថបទ៖នាង សុភាវុធ