ភ្នំពេញ៖ ស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា នៅល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ បានរៀបចំពិធីសម្ពោធជាផ្លូវការ សភាពាណិជ្ជកម្មឥណ្ឌាប្រចាំប្រទេសកម្ពុជា (IBCC) ក្នុងគោលបំណងជំរុញទំនាក់ទំនងឱ្យកាន់តែរឹងមាំ រវាងសហគមន៍ធុរកិច្ចឥណ្ឌា និងសមភាគីរបស់ពួកគេនៅក្នុងកម្ពុជា ដោយជួយសម្រួលដល់កិច្ចសហការ ការរីកចម្រើន និងភាពជោគជ័យទៅវិញទៅមក។

ពិធីសម្ពោធសភាពាណិជ្ជកម្មឥណ្ឌាប្រចាំប្រទេសកម្ពុជានេះ បានប្រារព្ធធ្វើឡើងក្រោមវត្តមានរបស់ ឯកឧត្តម ពេជ ឬទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោកជំទាវបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋឥណ្ឌាប្រចាំប្រទេសកម្ពុជា និងមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នរដ្ឋ រួមនឹងពាណិជ្ជករកម្ពុជា និងឥណ្ឌាជាច្រើនរូបផ្សេងទៀត ប្រមាណជាង ២៥០រូប។

នៅក្នុងពិធីនាឱកាសនោះ ឯកឧត្តម ពេជ ឬទ្ធី បានសម្តែងការអបអរសាទរជូនចំពោះស្ថានទូតនៃសាធារណៈរដ្ឋឥណ្ឌា និងសភាពាណិជ្ជកម្មឥណ្ឌាប្រចាំប្រទេសកម្ពុជា ចំពោះការបង្កើតជាផ្លូវការនៃសភាពាណិជ្ជកម្មនេះ ដែលនឹងជំរុញនូវសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ ពង្រឹងនូវកិច្ចសហប្រតិបត្តិការ រវាងធុរកិច្ច និងផ្តល់នូវកាលានុវត្តន៍ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-ឥណ្ឌា។ ជាមួយនេះ ឯកឧត្តម ក៏បានជម្រាបជូនអង្គពិធីថា នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភានេះ រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីពង្រឹងការអភិវឌ្ឍវិស័យឯកជន ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការលើកកម្ពស់ការប្រកួតប្រជែង តាមរយៈការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ ពង្រឹងការតភ្ជាប់ និងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសដែលកាន់តែមានភាពទាក់ទាញសម្រាប់អ្នកវិនិយោគ។

លោកជំទាវ ឯកអគ្គរដ្ឋទូត មានប្រសាសន៍ថា កម្ពុជា គឺជាប្រទេសដែលមានសេដ្ឋកិច្ចដំណើរការល្អមួយនៅអាស៊ី។ កម្ពុជាបានរក្សាកំណើនខ្ពស់ក្នុងអត្រាជាមធ្យម ៧% អស់រយៈពេលជាង ២ទសវត្សរ៍ មុនពេលជំងឺរាតត្បាតកូវីដ។ លោកជំទាវ បានបន្តថា បន្ទាប់ពីជំងឺរាតត្បាតកូវីដ១៩ ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់កម្ពុជាបានរឹងមាំនៅឆ្នាំ២០២២។ ប្រទេសកម្ពុជា គ្រោងនឹងប្រែក្លាយឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ លោកជំទាវ បន្ថែមទៀតថា គំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ប្រាកដណាស់ថា កម្ពុជានឹងកំណត់អត្រាកំណើន ៧% ម្តងទៀត។

នាឱកាសនោះ លោកជំទាវ បានបញ្ជាក់ថា សភាពាណិជ្ជកម្មឥណ្ឌានៅកម្ពុជា និងការជួបប្រជុំគ្នាលើកនេះ គឺដើរតួនាទីយ៉ាងសំខាន់សម្រាប់ធុរកិច្ចឥណ្ឌាក្នុងការស្វែងរកឱកាសថ្មីៗសម្រាប់ការវិនិយោគនៅក្នុងប្រទេសកម្ពុជា ពិសេសនឹងផ្តល់នូវវេទិកា ដ៏សំខាន់សម្រាប់ធុរកិច្ចឥណ្ឌា និងកម្ពុជា ដើម្បីបង្កើតបណ្តាញ ផ្លាស់ប្តូរគំនិត និងសហការគ្នាទៅវិញទៅមក៕




