ស្ថានភាពនៅឧបទ្វីប ណូតូ (Noto) ប្រទេសជប៉ុនភាគកណ្តាល នៅតែធ្ងន់ធ្ងរ រយៈពេលជាងពីរសប្តាហ៍បន្ទាប់ពីការរញ្ជួយដី និងរលកយក្សស៊ូណាមិដ៏មហន្តរាយ។ អាកាសធាតុត្រជាក់ ត្រូវបានគេរំពឹងថាកើតមាននៅថ្ងៃសុក្រនេះ នៅក្នុងតំបន់ដែលត្រូវបានបំផ្លិចបំផ្លាញ ហើយមានការព្រួយបារម្ភថា វាអាចបង្កហានិភ័យសុខភាព ដល់អ្នករស់រានមានជីវិត។

ការរញ្ជួយដី បានវាយប្រហារនៅខេត្ត Ishikawa និងតំបន់ផ្សេងទៀត កាលពីថ្ងៃចូលឆ្នាំសកល។ មនុស្សជាង ២០០នាក់បានស្លាប់ រួមទាំងអ្នកដែលបានរួចរស់ជីវិតពីការរញ្ជួយដីលើកដំបូង។
មន្ត្រីរដ្ឋាភិបាលខេត្ត Ishikawa បាននិយាយថា មនុស្ស ២៣២នាក់ ត្រូវបានបញ្ជាក់ថាបានស្លាប់នៅក្នុងខេត្តនេះ។ អាជីវកម្មខ្នាតតូចជាច្រើន នៅខេត្ត shikawa បានរងផលប៉ះពាល់ខ្លាំង។

លោក Iwamae Junetsu ជាកសិករនៅក្នុងទីក្រុង Noto មានគ្រឿងចក្រកសិកម្មរបស់លោក ដែលត្រូវបានរក្សាទុកនៅក្នុងឃ្លាំង ត្រូវបានជន់លិចដោយរលកយក្សស៊ូណាមិ។ លោក Iwamae មានការព្រួយបារម្ភអំពីអនាគតអាជីវកម្មរបស់លោក ហើយបាននិយាយថា លោកមិនអាចធ្វើចម្ការដោយគ្មានឧបករណ៍កសិកម្មបានទេ ពេលនេះ លោកត្រូវគិតថា គួរធ្វើអ្វីបន្ទាប់។