មេដឹកនាំប្រឆាំងដ៏សំខាន់លោក Lee Jae-myung បានជំរុញមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន (Kim Jong-un) ឲ្យបញ្ឈប់ការបង្កហេតុដោយមីស៊ីលរបស់ខ្លួន ដោយនិយាយថា វានឹងនាំឲ្យរបបនេះកាន់តែឯកោថែមទៀត និងបង្កើនការឈឺចាប់របស់ប្រជាជនខ្លួន។

លោក Lee ប្រធានគណបក្សប្រជាធិបតេយ្យ បានធ្វើការអធិប្បាយ ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងលើការបន្តវាយប្រហាររបស់កូរ៉េខាងជើង ដូចជាការបាញ់សាកល្បងកមីស៊ីលបាលិស្ទិករយៈចម្ងាយមធ្យមល្បឿនលឿនជាងសំឡេង និងបាញ់កាំភ្លើងធំ នៅជិតព្រំដែនសមុទ្រអន្តរកូរ៉េភាគខាងលិច។

មេដឹកនាំកូរ៉េខាងជើង ក៏បានកំណត់ភាគខាងត្បូងថាជា «សត្រូវចម្បង» និង «សត្រូវដែលមិនអាចផ្លាស់ប្តូរបាន» ហើយបានប្តេជ្ញាថា នឹងកាន់កាប់ភាគខាងត្បូងទាំងស្រុង ប្រសិនបើមានសង្រ្គាម។
លោក Lee បាននិយាយនៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំគណបក្សមួយថា៖«មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន គួរតែបញ្ឈប់ជាបន្ទាន់នូវការបង្កហេតុដោយមីស៊ីលរបស់ខ្លួន និងបញ្ឈប់សកម្មភាពអរិភាពរបស់ខ្លួន។ លោកបានបន្តថា៖«លោក គីមជុងអ៊ុន គួរតែខិតខំប្រឹងប្រែងដើម្បីកុំឲ្យធ្វើឲ្យខូចដល់កិច្ចខិតខំប្រឹងប្រែងដែលធ្វើឡើងដោយអ្នកកាន់តំណែងមុនរបស់គាត់ដូចជាលោក គីម ជុងអ៊ីល (Kim Jong-il) និង លោក អ៊ីលស៊ុង (Kim Il-sung)។
លោក Lee ក៏បានអំពាវនាវឲ្យលោកប្រធានាធិបតី Yoon Suk Yeol ផ្លាស់ប្តូរគោលជំហរគោលនយោបាយអរិភាពរបស់រដ្ឋាភិបាលលើកូរ៉េខាងជើង ដោយបញ្ជាក់ថា ការរក្សាសន្តិភាពនៅលើឧបទ្វីបកូរ៉េ គឺជាបញ្ហាសេដ្ឋកិច្ច និងជីវិតរបស់ប្រជាជនកូរ៉េខាងត្បូង។