រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក ដេវីត កាមេរូន បាននិយាយថា លោកបានបញ្ជូន «សារច្បាស់លាស់» ជូនរដ្ឋាភិបាលអ៊ីរ៉ង់ថា ការវាយប្រហាររបស់ក្រុមឧទ្ទាមហួទីនៅសមុទ្រក្រហម ត្រូវតែបញ្ចប់។
លោកដេវីត កាមេរូន បានជួបជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោកហ៊ូសេន អាមីរ៉ាប់ឌូឡាហៀន (Hossein Amir-Abdollahian) នៅឯវេទិកាសេដ្ឋកិច្ចពិភពលោកកាលពីថ្ងៃពុធ។

ការិយាល័យបរទេស បាននិយាយថា នៅក្នុងកិច្ចប្រជុំនោះ លោកបានថ្កោលទោសការវាយប្រហារដោយគ្រាប់រ៉ុក្កែតរបស់ក្រុមហួទីថា ខុសច្បាប់ និងមិនអាចទទួលយកបានលើនាវាដែលប្រើប្រាស់ផ្លូវពាណិជ្ជកម្មសមុទ្រក្រហមដ៏សំខាន់នេះ។
លោកបានអំពាវនាវឲ្យអ៊ីរ៉ង់ប្រើឥទ្ធិពលរបស់ខ្លួន «ដើម្បីទប់ស្កាត់មិនឲ្យមានការគំរាមកំហែងបន្ថែម ទៀត»។

ថ្លែងទៅកាន់សារព័ត៌មាន BBC ក្នុងកិច្ចប្រជុំមេដឹកនាំធុរកិច្ច និងនយោបាយ នៅទីក្រុងដាវូស ( Davos) ប្រទេសស្វ៊ីស លោកដេវីត កាមេរូន បាននិយាយថា៖«សេរីភាពនៃការធ្វើនាវាចរណ៍ គឺជាសេរីភាពដ៏សំខាន់សម្រាប់ពាណិជ្ជកម្មពិភពលោក»។

លោកដេវីត បាននិយាយថា អ៊ីរ៉ង់«ទទួលខុសត្រូវចំពោះអស្ថិរភាពជាច្រើននៅក្នុងតំបន់»តាមរយៈការគាំទ្រក្រុមហាម៉ាសនៅហ្គាហ្សា ក្រុមហេសបូឡានៅលីបង់ និងក្រុមហួទីនៅប្រទេសយេម៉ែន។
ចក្រភពអង់គ្លេសមាន «ទំនាក់ទំនងដ៏លំបាក» ជាមួយអ៊ីរ៉ង់ ប៉ុន្តែ «ការងាររបស់រដ្ឋមន្ត្រីការបរទេស គឺដើម្បីជួប និងផ្តល់សារច្បាស់លាស់មួយចំនួន ដែលជាអ្វីដែលខ្ញុំបានធ្វើ»។