អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក ម៉ាធូ មីលឡឺ (Matthew Miller) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៨ មករា) ថា «គ្មានផ្លូវ» ដើម្បីដោះស្រាយបញ្ហាប្រឈមសន្តិសុខរយៈពេលវែងរបស់អ៊ីស្រាអែលនៅក្នុងតំបន់ និងបញ្ហាប្រឈមរយៈពេលខ្លីនៃការកសាងតំបន់ហ្កាហ្សាឡើងវិញដោយមិនមានការបង្កើតរដ្ឋប៉ាឡេស្ទីននោះទេ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ លោក មីលឡឺ បាននិយាយថា អ៊ីស្រាអែលមានឱកាសមួយនៅពេលនេះ ខណៈដែលបណ្ដាប្រទេសនៅក្នុងតំបន់បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ការធានាសន្តិសុខដល់អ៊ីស្រាអែល។

ការអត្ថាធិប្បាយនេះបានធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា លោកបានប្រាប់ទីក្រុងវ៉ាស៊ីនតោន ថាលោកបានជំទាស់នឹងការបង្កើតរដ្ឋប៉ាឡេស្ទីនណាមួយដែលមិនធានាសន្តិសុខរបស់អ៊ីស្រាអែល។

អ៊ីស្រាអែល និងអ្នកគាំទ្រដ៏ធំបំផុតរបស់ខ្លួន គឺសហរដ្ឋអាមេរិក ហាក់មានការទាស់ទែងគ្នានៅពេលនេះ ដោយលោក ណេតាន់យ៉ាហ៊ូ និងរដ្ឋាភិបាលចម្រុះស្តាំនិយមរបស់លោកភាគច្រើនបានច្រានចោលការបង្កើតរដ្ឋប៉ាឡេស្ទីន បើទោះបីជាទីក្រុងវ៉ាស៊ីនតោន អះអាងថាដំណោះស្រាយរដ្ឋពីរជាមធ្យោបាយតែមួយគត់ដែលអាចធ្វើទៅបានក្នុងការនាំមកនូវសន្តិភាពយូរអង្វែងសម្រាប់តំបន់នេះក៏ដោយ៕