មន្ត្រីជាន់ខ្ពស់របស់សេតវិមានមួយរូបបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៨ មករា) ថាសហរដ្ឋអាមេរិក មិនរំពឹងថានឹងមានកិច្ចចរចាគ្រប់គ្រងអាវុធនុយក្លេអ៊ែរជាផ្លូវការជាមួយប្រទេសចិន នៅពេលណានោះទេ ប៉ុន្តែចង់ឃើញការចាប់ផ្តើមនៃការពិភាក្សាស្តីពីវិធានការកាត់បន្ថយហានិភ័យជាក់ស្តែង។

លោក ប្រាណាយ វ៉ាដឌី (Pranay Vaddi) មន្ត្រីជាន់ខ្ពស់សេតវិមានសម្រាប់ការគ្រប់គ្រងអាវុធ និងមិនរីកសាយភាយនុយក្លេអ៊ែរ បានប្រាប់ក្រុមអ្នកគិតគូរក្នុងទីក្រុងវ៉ាស៊ីនតោន ថាវាមានសារសំខាន់ណាស់ក្នុងការមានកិច្ចចរចាគ្រប់គ្រងអាវុធដំបូងក្នុងខែវិច្ឆិកា ជាមួយប្រទេសចិន ប៉ុន្តែបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ភាគីទាំងពីរឲ្យពាក់ព័ន្ធនឹងអ្នកធ្វើការសម្រេចចិត្ត ឬអ្នកមានឥទ្ធិពលសំខាន់ៗរបស់ចិន លើជំហរនុយក្លេអ៊ែររបស់ប្រទេស។

សហរដ្ឋអាមេរិក និងប្រទេសចិន បានបើកកិច្ចចរចាលើកដំបូងរបស់ពួកគេស្តីពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែរក្នុងរយៈពេលជិត ៥ឆ្នាំកាលពីថ្ងៃទី៦ ខែវិច្ឆិកា ស្របពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងរបស់សហរដ្ឋអាមេរិកអំពីការបង្កើតនុយក្លេអ៊ែររបស់ចិន ប៉ុន្តែកិច្ចប្រជុំនេះមិនមានលទ្ធផលជាក់លាក់នោះទេ។

កិច្ចពិភាក្សាទាំងនោះបានធ្វើឡើងនៅមុនកិច្ចប្រជុំកំពូលនៅខែធ្នូ រវាងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) ដែលបានប្រកាសពីការបន្តកិច្ចសន្ទនារវាងយោធា និងយោធា៕