បណ្ណកម្មសិទ្ធិដីធ្លី ជាង៣ពាន់ក្បាលដី ត្រូវបានមន្រ្តីជំនាញសូរិយោដី បានចែកជូនដល់ប្រជាពលរដ្ឋ នៅក្នុងភូមិក្រាំងតាមុំ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ ប្រជាពលរដ្ឋ សប្បាយចិត្ត លែង មានការព្រួយបារម្ភចំពោះការកើតមានទំនាស់ទៀតឡើយ ។

ប្រជាពលរដ្ឋ បានឱ្យដឹងថា កន្លងមកសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានយកចិត្ត ទុកដាក់លើសុខទុក្ខប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងដោយមិនរើសអើងនិន្នាការអ្វីឡើយ។ មកដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏រឹតតែយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋទ្វេឡើង។ សម្តេចបានឱ្យក្រុមការងារក្រសួងដែនដី ចុះវាស់វែងក្បាលដីដែលនៅសេសសល់ជូនប្រជាពលរដ្ឋឱ្យបានលឿន ដើម្បីបញ្ជៀស និងបញ្ចប់នូវរាល់ទំនាស់នានា និងឲ្យប្រជាពលរដ្ឋទទួលបាននូវសិទ្ធិកាន់កាប់ ប្រើប្រាស់ និងបែងចែកដីធ្លីដោយស្របច្បាប់ ។ ប្រជាពលរដ្ឋទាំងអស់សប្បាយចិត្តខ្លាំង និងសូមអរគុណដល់សម្តេច ទាំងទ្វេផងដែរ។

លោក លី សុភា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដី ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ជាច្រើនជំនាន់មកហើយ ប្រជាពលរដ្ឋនៅក្នុងតំបន់ខ្លះ មិនដែលមានបណ្ណកម្មសិទ្ធិដីធ្លីនោះទេ កត្តានេះវាមានមូលហេតុជាច្រើន ពិសេសគឺសង្រ្គាមតែម្តង។ ទើបតែសម័យបច្ចុប្បន្ននេះ រាជរដ្ឋាភិបាល បានចំណាយទាំងថវិកា និងធនធានមនុស្ស ចុះធ្វើការវាស់វែង និងប្រមូលទិន្នន័យដីធ្លីតាំងពីបទបញ្ជា លេខ០១ ស្របតាមគោលនយោបាយចាស់ សកម្មភាពថ្មី ក្នុងគោលបំណងឲ្យប្រជាពលរដ្ឋទទួលបាននូវ សិទ្ធិកាន់កាប់ ប្រើប្រាស់ និងបែងចែកដីធ្លី ដោយស្របច្បាប់គ្រប់គ្នា៕ អត្ថបទ៖ កាំង ហុងវាស្នា







