យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ នៅក្នុងខេត្តឧត្ដរមានជ័យ បាននាំគ្នាចូលសិក្សាជំនាញបច្ចេកទេសនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ និងបានប្ដេជ្ញារៀនយកជំនាញមួយពិតប្រាកដ ដើម្បីបញ្ចប់ការចំណាកស្រុកទៅធ្វើពលករនៅប្រទេសថៃ ។

យុវជននៅក្នុងខេត្តឧត្ដរមានជ័យ បានចូលសិក្សាជំនាញបច្ចេកទេស បានលើកឡើងថា ដោយ សារមានការគិតគូរយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា ពួកគេបានបង្ហាញក្តីសង្ឃឹមថា នៅពេលបញ្ចប់វគ្គសិក្សាជំនាញបច្ចេកទេស នៅថ្ងៃខាងមុខ ពួកគេនឹងមានជីវភាពមួយដ៏ល្អប្រសើរ តាមរយៈការមានការងារធ្វើសមរម្យ ដោយការប្រើប្រាស់ជំនាញដែលបានសិក្សា ឬអាចបើកអាជីវកម្មដោយខ្លួនឯង ដើម្បីបញ្ចៀសការចំណាកស្រុកទៅធ្វើការងារដោយប្រថុយប្រថាននៅឯប្រទេសជិតខាងផងដែរ ។

លោក ហេង គឹមស៊្រុន នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តឧត្តរមានជ័យ បានឱ្យដឹង ថា សម្រាប់វគ្គសិក្សាដំបូងនេះ មជ្ឈមណ្ឌលទទួលបានសិស្សចុះឈ្មោះចូលរៀន ចំនួនជាង១០៤នាក់ ក្នុងនោះសិស្សស្រី ចំនួន៣៦នាក់ លើជំនាញកុំព្យូទ័រ បរិក្ខារម៉ាស៊ីនត្រជាក់ យានយន្ត សំណង់ អ៊ុតសក់ ផ្នែកជួសជុលកុំព្យូទ័រ និងផ្នែកតបណ្តាញអគ្គិសនី ផងដែរ ។

លោកបានឱ្យដឹងដែរថា មានយុវជនមួយចំនួនទៀត ដែលនៅក្នុងមូលដ្ឋានឆ្ងាយនៃខេត្តនេះបាន បោះបង់ការសិក្សាក្រោយបានចុះឈ្មោះហើយ ដោយងាកទៅរកការងារធ្វើនៅឯប្រទេសថៃវិញ តាមការអូសទាញរបស់ក្រុមមេខ្យល់ បើទោះជាពួកគេបានទទួលប្រាក់ឧបត្ថម្ភបន្ថែមប្រចាំខែ កំលុងពេលទទួល ការបណ្ដុះបណ្ដាលក្ដី ៕ អត្ថបទ៖ ឃិន សារិទ្ធ




