
ឥណ្ឌូណេស៊ី បានអនុញ្ញាតឱ្យយន្តហោះប៊ូអ៊ីង ៧៣៧ មែកណាញ (Boeing 737 MAX 9) ចំនួនបីគ្រឿង ហោះហើរម្តងទៀត បន្ទាប់ពីត្រូវបានបញ្ជាឲ្យចុះចតដើម្បីពិនិត្យ ដោយសារយន្តហោះទាំងនោះមានការកំណត់រចនាសម្ព័ន្ធខុសគ្នាពីយន្តហោះដែលត្រូវបង្ខំឱ្យចុះចតជាបន្ទាន់នៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី០៥ ខែមករា នេះបើយាងតាមក្រសួងដឹកជញ្ជូនរបស់ឥណ្ឌូណេស៊ី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៨ មករា)។
បន្ទះកាប៊ីនមួយបានដាច់ចេញពីយន្តហោះប៊ូអ៊ីង ៧៣៧ មែកណាញ ថ្មីមួយគ្រឿងដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍អាឡាស្កា អ៊ែរឡាញស៍ (Alaska Airlines) របស់សហរដ្ឋអាមេរិក នៅពាក់កណ្តាលជើងហោះហើរ ដែលនាំទៅដល់ការបញ្ជាឲ្យចុះចតនៃគំរូយន្តហោះប្រភេទនេះ និងការត្រួតពិនិត្យដោយរដ្ឋបាលអាកាសចរណ៍សហព័ន្ធសហរដ្ឋអាមេរិក (FAA) ។
ឧបទ្ទវហេតុនេះបានកើតឡើងបន្ទាប់ពីការហោះហើរចេញពីទីក្រុង ផតលែន (Portland) រដ្ឋអូរ៉េហ្កន (Oregon) ឆ្ពោះទៅកាន់ទីក្រុងអនថារ៉យ៉ូ (Ontario) រដ្ឋកាលីហ្វ័រនីញ៉ា (California) ដោយបង្ខំឱ្យអ្នកបើកយន្តហោះត្រឡប់ក្រោយ និងចុះចតដោយសុវត្ថិភាពជាមួយនឹងអ្នកដំណើរទាំងអស់ ១៧១នាក់ និងនាវិក ៦នាក់នៅលើយន្តហោះនោះ។
បន្ទាប់ពីការបញ្ឈប់មិនឲ្យហោះហើរនៃយន្តហោះទាំងបីគ្រឿងដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ ឡាយអិន អ៊ែរ (Lion Air) កាលពីថ្ងៃទី០៦ ខែមករា ហើយក្រោយមកបានត្រួតពិនិត្យ ក្រសួងដឹកជញ្ជូនរបស់ប្រទេសឥណ្ឌូនេស៊ីបាននិយាយថា ខ្លួនបានអនុញ្ញាតឱ្យយន្តហោះទាំងនោះហោះហើរម្តងទៀតចាប់តាំងពីថ្ងៃទី១១ ខែមករា មក។ ក្រុមហ៊ុន ឡាយអិន អ៊ែរ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះទាំងនោះមានការកំណត់រចនាសម្ព័ន្ធខុសពីយន្តហោះរបស់ក្រុមហ៊ុនអាឡាស្កា អ៊ែរឡាញស៍៕