
យោធាអាមេរិកបាននិយាយថា កងជីវពលរបស់ក្រុមហ៊ួទីដែលគាំទ្រដោយអ៊ីរ៉ង់ បានបាញ់មីស៊ីលបាលីស្ទិកប្រឆាំងនាវាចំនួន ២គ្រាប់ សំដៅនាវាដឹកប្រេងដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិក កាលពីល្ងាចថ្ងៃព្រហស្បតិ៍ (ទី១៨ ខែមករា) ដែលបានធ្លាក់ចូលទឹកនៅក្បែរនាវា ប៉ុន្តែមិនបណ្តាលឲ្យមានអ្នករងរបួស ឬខូចខាតអ្វីនោះទេ។
បើយោងតាមការបង្ហោះរបស់បញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិកនៅលើបណ្ដាញសង្គម X (ពីមុន Twitter) បានឲ្យដឹងថា ឧបទ្ទវហេតុនេះ ជាហេតុការណ៍ចុងក្រោយបំផុត ចំពេលមានភាពតានតឹងកើនឡើងនៅក្នុងសមុទ្រក្រហមដែលបានរំខានដល់ពាណិជ្ជកម្មពិភពលោក និងបង្កើនការភ័យខ្លាចនៃការស្ទះការផ្គត់ផ្គង់ បានកើតឡើងប្រហែលម៉ោង ៩យប់ម៉ោង នៅប្រទេសយេម៉ែន (ត្រូវនឹងម៉ោង ១៨ម៉ោងសកល)។
ក្រុមហ៊ួទី ដែលគ្រប់គ្រងដែនដីភាគច្រើននៃប្រទេសយេម៉ែន នៅព្រឹកថ្ងៃទី១៨ ខែមករា បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ ដោយនិយាយថា ពួកគេបានកំណត់គោលដៅលើកនាវា Chem Ranger ដោយការបាញ់មីស៊ីលកងទ័ពជើងទឹក ដែលបានបណ្តាលឲ្យមាន «ការប៉ះពាល់ដោយផ្ទាល់»។
សេវាកម្មត្រួតពិនិត្យ TankerTrackers.com បាននិយាយនៅលើបណ្ដាញសង្គមថា «នាវាផ្ទុកសារធាតុគីមីតូចមួយបានចាកចេញពីកំពង់ផែសមុទ្រក្រហមនៃទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ទៅប្រទេសគុយវ៉ែត ប៉ុន្តែ AIS (ប្រព័ន្ធកំណត់អត្តសញ្ញាណស្វ័យប្រវត្តិ) របស់នាវា បានដាច់សញ្ញា នៅ (ថ្ងៃអង្គារ) មុនពេលបន្តដំណើរទៅភាគខាងត្បូងយេម៉ែន»។
គួរបញ្ជាក់ដែរថា ការវាយប្រហារដោយកងជីវពលរបស់ក្រុមហ៊ួទីដែលមានសម្ព័ន្ធមិត្តជាមួយអ៊ីរ៉ង់ លើនានាទាំងក្នុង និងជុំវិញសមុទ្រក្រហមអស់រយៈពេលជាច្រើនសប្តាហ៍មកនេះ បានធ្វើឲ្យពាណិជ្ជកម្ម រវាងអាស៊ី និងអឺរ៉ុបមានភាពយឺតយ៉ាវ និងធ្វើឲ្យប្រទេសមហាអំណាចព្រួយបារម្ភ នៅក្នុងការកើនឡើងនៃសង្គ្រាម នៅតំបន់ហ្កាហ្សា។
ក្រុមហ៊ួទីនិយាយថា ការវាយប្រហាររបស់ពួកគេ គឺដើម្បីបង្ហាញសាមគ្គីភាពជាមួយប៉ាឡេស្ទីនដែលស្ថិតនៅក្រោមការវាយប្រហារពីអ៊ីស្រាអែលនៅតំបន់ហ្កាហ្សា។ ចាប់តាំងពីសប្តាហ៍មុនមក សហរដ្ឋអាមេរិក បានបើកការវាយប្រហារលើគោលដៅនានារបស់ក្រុមហ៊ួទីនៅយេម៉ែន ហើយសប្តាហ៍នេះ បានដាក់កងជីវពលនោះទៅក្នុងបញ្ជីក្រុម «ភេរវករ» វិញ៕