
ក្រសួងរតនាគារសហរដ្ឋអាមេរិក បាននិយាយថា រដ្ឋបាលលោកបៃដិន បានដាក់ទណ្ឌកម្មក្រុមហ៊ុនដឹកជញ្ជូនដែលមានមូលដ្ឋាននៅអារ៉ាប់រួមជុំវិញការរំលោភលើតម្លៃប្រេងដែលដាក់លើប្រទេសរុស្ស៊ីជុំវិញ សង្គ្រាមរបស់ខ្លួន នៅអ៊ុយក្រែន ដែលធ្វើឲ្យវាក្លាយជាការអនុវត្តលើកដំបូង ក្នុងឆ្នាំនេះ។
អនុរដ្ឋមន្ត្រីក្រសួងរតនាគារ លោក Wally Adeyemo បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា៖«សកម្មភាពថ្ងៃនេះ បង្ហាញជាថ្មីម្តងទៀតថា នរណាម្នាក់ដែលបំពានលើតម្លៃកំណត់នេះ នឹងប្រឈមមុខនឹងផលវិបាកផ្សេងៗ»។
«គ្មាននរណាម្នាក់ គួរសង្ស័យការប្តេជ្ញាចិត្តរបស់សម្ព័ន្ធរបស់យើង ក្នុងការបញ្ឈប់អ្នកដែលជួយវិមានក្រឹមឡាំងនោះទេ»។
ក្រសួងរតនាគារកាលពីថ្ងៃព្រហស្បតិ៍ បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនដឹកជញ្ជូន Hennesea Holdings ដែលមានមូលដ្ឋាននៅអារ៉ាប់រួម ដោយបានរារាំងទ្រព្យសម្បត្តិ និងផលប្រយោជន៍ទាំងអស់ នៅក្នុងអចលនទ្រព្យក្រោមឈ្មោះរបស់ខ្លួន នៅក្នុងសហរដ្ឋអាមេរិក ក៏ដូចជាការរារាំងបុគ្គលអាមេរិកណាមួយពីការរកស៊ីជាមួយក្រុមហ៊ុននេះ។
ការិយាល័យរតនាគារគ្រប់គ្រងទ្រព្យសម្បត្តិបរទេសរបស់ក្រសួងរតនាគារ កាលពីថ្ងៃព្រហស្បតិ៍ ក៏បានកំណត់នាវាចំនួន ១៨របស់ក្រុមហ៊ុនផងដែរ។ ក្នុងចំណោមនោះមាន ក្រុមHS Atlantica ដែលពីមុនត្រូវបានគេកំណត់ថា បានដឹកជញ្ជូនប្រេងឆៅរបស់រុស្ស៊ីដែលមានតម្លៃលើសពី ៦០ដុល្លារ ក្នុងប្រេងមួយធុងដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តប្រជាធិបតេយ្យរបស់ខ្លួន ដែលបានបង្កើតឡើង នៅក្នុងខែធ្នូ ឆ្នាំ ២០២២ ក្នុងកិច្ចខិតខំប្រឹងប្រែងមួយ ដើម្បីដាក់ទណ្ឌកម្មក្រុងម៉ូស្គូចំពោះសង្គ្រាមដែលវាបានចាប់ផ្តើមនៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ នៅអ៊ុយក្រែន និងកំណត់ប្រាក់ចំណូលរបស់ខ្លួន។