វាយកូនបាល់៖ កីឡាករវាយកូនបាល់អតីតលេខ ១ ពិភពលោក Andy Murray នឹងចាប់ផ្ដើមស្វែងរកមេដាយមាសអូឡាំពិកលើកទី៣ បន្ទាប់ពីត្រូវបានជ្រើសរើសឲ្យប្រកួតតំណាងឱ្យក្រុមចក្រភពអង់គ្លេស ក្នុងព្រឹត្តិការណ៍អឡាំពិកទីក្រុងតូក្យូខែក្រោយនេះ។

កីឡាករវ័យ ៣៤ឆ្នាំរូបនេះគឺជាកីឡាករវាយកូនបាល់ម្នាក់គត់ ក្នុងប្រវត្តិសាស្ត្រដែលឈ្នះមេដាយមាសអូឡាំពិក ២ ព្រឹត្តិការណ៍ជាប់គ្នា បន្ទាប់ពីឈ្នះមេដាយមាសនៅអូឡាំពិកទីក្រុងឡុងដ៍ចក្រភពអង់គ្លេសឆ្នាំ២០១២ និងអូឡាំពិកឆ្នាំ២០១៤ ទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។ Andy Murray មិនត្រឹមតែនឹងប្រកួតវិញ្ញាសាឯកត្តជន នៅអូឡាំពិកទីក្រុងតូក្យូនាពេលខាងមុខនេះទេ គេនឹងប្រកួតវិញ្ញាសាវាយគូមួយទៀតជាមួយមិត្តរួមជាតិ Joe Salisbury ខណៈប្អូនប្រុស Jamie Murray មិនត្រូវបានកោះហៅ។ អត្តពលិកវាយកូនបាល់ចក្រភពអង់គ្លេសផ្សេងទៀតដែលត្រូវបានកោះហៅរួមមាន Dan Evans, Johanna Konta, Heather Watson និង Neal Skupski៕
អត្ថបទ៖នាង សុភាវុធ